រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ


ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពន្លឿនក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់  និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១ ។

ឯកឧត្ដម សៀក វណ្ណា បានមានប្រសាសន៍ថា ដោយសារតែក្រុមការងាររបស់យើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗចាប់ផ្តើមការងារ ក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូនតាមការគ្រោងទុក ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការបោះបង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន ។ ក្រុមការងារនីមួយៗត្រូវមានឡានស្ទូច០១គ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល  ។ សូមឱ្យក្រុមការងារបច្ចេកទេសស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ ដើម្បីយើងមានវិធានការពីរ គឺទី១- បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរុះរើរបងដែលលយចូលដីរដ្ឋចេញ។ ទី២-  សូមក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រក្រឡា និងធ្វើការជូនដំណឹងឱ្យគាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមការងារបច្ចេកទេសទេ យើងអាចឈានទៅលុបប័ណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រងកុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត ៕