ចាប់ និងឃុំខ្លួនសកម្មជនអតីតបក្សសង្គ្រោះជាតិម្នាក់ទៀត ពីបទ «រួមគំនិតក្បត់ជាតិ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»


(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត បន្ទាប់ពីចាប់ខ្លួននៅខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ ជនជាប់ចោទរូបនេះមានឈ្មោះ យិន សុខហៀង ត្រូវបានព្រះរាជអាជ្ញារង លោក សេង ហៀង ចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» ដែលបានចូលរួមក្នុងសកម្មភាព ប៉ុនប៉ងធ្វើរដ្ឋប្រហារ និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្នុងផែនការដ៏ខ្មៅកង្វក់របស់ទណ្ឌិត សម រង្ស៉ី។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុជាតិ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះថា សកម្មជនអតីតគណបក្សសង្គ្រោះ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ ក្រោយសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជាង១១យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតផ្សារព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់បុគ្គលរូបនេះ ពីបទ «រួមគំនិតក្បត់»។

គួរជម្រាបថា បុគ្គលឈ្មោះ យិន សុខហៀង គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គល ៥រូប និងគូកនផ្សេងទៀត ដែលត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» តាមផែនការរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ របស់ទណ្ឌិត សម រង្ស៉ី ខណៈដែលកាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចក៏បានចាប់ខ្លួនអតីតចៅសង្កាត់រងទី១ នៅខណ្ឌទួលគោកម្នាក់ផងដែរ ឈ្មោះ ទិត្យ សុផាត ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនផងដែរ។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ គ្រយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុជាតិ, ឈ្មោះ រឿង សំណាង, ឈ្មោះ យិន សុខហៀង ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលទាំងនេះ ព្រមទាំងគូកន ដែលបានកៀងគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន។ បុគ្គលទាំងនេះ ព្រមទាំងគូកន បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រមរបស់ខ្លួនធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រម ព្រហ្មទណ្ឌ៕