ឯកឧត្តម ជាវ តាយ​ អញ្ជើញ​ចុះពិនិត្យ​និងជំរុញដំណើរការសាងសង់​ផ្លូវ​បេតុង​១ខ្សែក្នុង​សង្កាត់ កំពង់បាយ​ ក្រុងកំពត


ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត អមដំណើរដោយ​ឯកឧត្តម ប៉ិល កុសល អភិបាលរងខេត្ត និង​មន្ត្រី​ជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋាន​ នៅរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះ​ពិនិត្យ និងជំរុញដំណើរការសាងសង់ផ្លូវបេតុង​១​ខ្សែហៅផ្លូវម្លប់ឫស្សី ដែលតភ្ជាប់បំបែកចេញពីផ្លូវជាតិលេខ៣​ ស្ថិតនៅភូមិ​កំពង់បាយខាងជើង​ សង្កាត់​កំពង់បាយ ក្រុងកំពត​ ខេត្តកំពត​។ ជារួមគម្រោង​ផ្លូវ​១​ខ្សែនេះ​ជាប្រភេទផ្លូវបេតុង​សសៃដែក មានប្រវែងជិត៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ មានកម្រាស់ ០,១៥ម៉ែត្រដោយ ប្រើប្រាស់ថវិកា បដិភាគ៥០បូក៥០រវាងការចូលរួមពីសប្បុរសជននិង មូលនិធិសង្កាត់ក្នុងឆ្នាំ​២០២០។

​ ឯកឧត្តម ជាវ តាយ បានណែនាំជំរុញដល់អាជ្ញាធរ​ក្រុង និងសង្កាត់ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធរួមនឹង​សប្បុរសជន ​និងប្រជាពលរដ្ឋ​ត្រូវធ្វើយ៉ាងណា​សហការគ្នាឱ្យបានល្អ ដើម្បីជំរុញដំណើរការសាងសង់ផ្លូវ១ខ្សែនេះបានលឿនឆាប់រហ័សមុន​ដំណាច់ខែតុលា ​ឆ្នាំ២០១៩​នេះ ប្រកបដោយគុណភាពតាមលក្ខណៈបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវធានាការប្រើប្រាស់បានយូរអង្វែង។​

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត​ក៏បានណែនាំបន្ថែម​ដល់អាជ្ញាធរ​ក្រុង និង សង្កាត់ ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះ​បញ្ហា​សោភណភាព អនាម័យ បរិស្ថាន​ក្នុងក្រុងកំពត ពិសេស​ត្រូវយកចិត្តទុកដាក់មើលការថែទាំ និងស្ដារប្រព័ន្ធលូទឹក ព្រមទាំងបំផុសចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការចូលរួមធ្វើការសម្អាតនូវអនាម័យបរិស្ថានតាមដងផ្លូវនិងមុខផ្ទះពិសេស កាប់ស្កាព្រៃតាមដងផ្លូវដើម្បីធ្វើឱ្យក្រុងកំពត​ប្រកបដោយសោភណភាព ភាពបៃតងនិងមានអនាម័យ បរិស្ថាន​ល្អស្អាត ស័ក្តិសម​ជាក្រុង និងជាខេត្តទេសចរណ៍។​

ក្នុងឱកាសនោះ​ឯកឧត្តមអភិបាលខេត្តបាន​សន្យាដាក់ពង្រាយ​អំពូលភ្លើងតាមដងផ្លូវក្នុងក្រុងកំពតបន្ថែមទៀត ឱ្យបានភ្លឺស្ថិតតាមដងផ្លូវសំខាន់ និងដាក់អំពូលភ្លើងតាមដងផ្លូវនេះបន្ទាប់ពីបានសាងសង់រួច ដើម្បីធ្វើយ៉ាងណាឱ្យមាន​សោភណភាព​ទាក់ទាញពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកឡាយ ពីន ដែលជាសប្បុរសជនបានចូលរួម​បដិភាគ​បរិច្ចាគថវិកាក្នុងការកសាងផ្លូវ១ខ្សែនេះស្របទៅនឹងអ្វីនៃភាព​រីកចម្រើរបស់ប្រទេសជាតិបច្ចុប្បន្ន ពិសេសក្នុងក្រុង​កំពត ដើម្បី​បម្រើនិងឆ្លើយតប​ទៅនឹងសំណូមពរតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាការចាំបាច់៕