រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យវិនិយោគិនជប៉ុន បង្កើនការវិនិយោគលើវិស័យឧស្សាហកម្ម និងកសិកម្ម


នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ហ៊ិដេហិសា ហូរីនូឈិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើដល់ភាគីជប៉ុន ពិចារណាវិនិយោគលើវិស័យឧស្សាហកម្មធុនស្រាល ដើម្បីជួយអភិវឌ្ឍន៍វិស័យនេះ ឈានទៅរកកម្រិតដែលប្រើកម្លាំងពលកម្មជំនាញកាន់តែខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញប្រាប់ ឯកអគ្គរាជទូតជប៉ុន អំពីសក្តានុពលនៃវិស័យកសិកម្មរបស់កម្ពុជា ជាពិសេសការកែច្នៃកសិផលស្រូវ និងដំឡូងមីដើម្បីនាំចេញ ដោយសារកសិករកម្ពុជាទទួលបានទិន្នផលច្រើននៅក្នុងឆ្នាំនេះ ព្រមទាំងបានស្នើសុំភាគីជប៉ុន ឱ្យជួយនៅក្នុងកិច្ចគាំពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ ដែលជាបន្ទុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្ម។

ជាការឆ្លើយតប ឯកឧត្តម ហ៊ិដេហិសា ហូរីនូឈិ បានសន្យាជួយកៀងគរវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូត មានជំនឿថា កម្ពុជានឹងក្លាយជាប្រទេសដែលមានរីកចម្រើនជឿនលឿនមួយនាពេលអនាគត ហើយជប៉ុននឹងនៅតែបន្តជួយដល់កម្ពុជា លើគ្រប់វិស័យអទិភាពតាមដែលអាចធ្វើបាន ដោយសារប្រទេសទាំងពីរគឺជាមិត្តល្អនឹងគ្នា ហើយមានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក។

លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត បានស្នើសុំជាផ្លូវការដល់រដ្ឋាភិបាលកម្ពុជា ឲ្យចូលរួមបោះឆ្នោតគាំទ្របេក្ខភាពប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២០-២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ៕