ព្រឹកថ្ងៃនេះ កងពលតូចលេខ៧០ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតកងពល


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ កងពលតូចលេខ៧០ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩) នៃថ្ងៃបង្កើតកងពល ដែលមានមានប្រភពផ្ដើមចេញពីវរសេនាតូចលេខ៧១ មកទល់នឹងពេលនេះជាកងពលតូចលេខ៧០។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឆ្លងកាត់ការបំពេញភារកិច្ចអស់រយៈពេល២៥ឆ្នាំមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចលេខ៧០ ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរងគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្នូលប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា រយៈពេល២៥ឆ្នាំ គិតចាប់ពីថ្ងៃកកើតមក កងពលតូចលេខ៧០ បានខិតខំជម្នះនូវរាល់ឧបសគ្គនានា
ដើម្បីសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយសម្រេចបានសមិទ្ធផលច្រើន រួមមាន៖

*បានពង្រឹងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីដោយបានចូលរួមប្រយុទ្ធនៅសមរភូមិមុខ នៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៤

*បានគ្រប់គ្រងចំនួនទ័ព ចាត់តាំងកម្លាំងប្រចាំបញ្ជា ប្រចាំប្រយុទ្ធ និងបានចូលរួមសហការជាមួយអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព ស្ថេរភាពសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដោយបានបង្ក្រាបបានការប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលជាច្រើនលើក

* បានការពារគោលដៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ បានសរុប៥៨៦លើក

* ទន្ទឹមនឹងការងារប្រតិបត្តិការ កងពលបានខិតខំហ្វឹកហ្វឺន ពង្រឹងសមត្ថភាពកងទ័ព ដោយបានបញ្ជូនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា នៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានធ្វើលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត គ្រប់ជំនាញជាប្រចាំ ដើម្បីបង្កើននូវសមត្ថភាព គុណភាពកងទ័ពឲ្យបានរឹងមាំ ស្របតាមផែនការដែល គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទបានដាក់ចេញ

* បានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្រ្ត ដល់យោធិន តាមរយៈការចាត់តាំងចលនាប្រឡងប្រណាំង អង្គភាព

* បុគ្គលល្អឆ្នើមប្រកួតកីឡា និងបានផ្សព្វផ្សាយរាល់ខ្លឹមសារសេចក្តីណែនាំ ជាពិសេសការអប់រំពង្រឹងស្មារតី ទ័ពជាប់ជាប្រចាំទៅតាមសភាពការណ៍ ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រង និងដឹកនាំបញ្ហា

* បានលើកកម្ពស់ការងារយេនឌ័រ តាមរយៈការផ្តល់ឱកាស ឲ្យយោធិននារីមានតួនាទីក្នុងជួរបញ្ជាការគ្រប់លំដាប់ថ្នាក់ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងចលនាសង្គម និងការបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជាការងារសង្គ្រោះ និងប្រតិបត្តិការការពារសន្តិសុខ

* បានយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយ នៅពេលមានយោធិនពលី មរណៈ និងពិការដោះស្រាយប្រាក់បូជាសព ចុះសួរសុខទុក្ខយោធិនមានជំងឺ ឧបត្ថម្ភអតីតយុទ្ធជន និងគ្រួសារកងទ័ព ក្នុងស្មារតីរួមចំណែកអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន បានសរុបចំនួន២១៥លើក ថវិកាឧបត្ថម្ភសរុប១,២០៣,៥៨០,០០០ (មួយពាន់ពីររយប៊ីលានប្រាំសែន ប្រាំបីម៉ឺនរៀល) និងអង្ករចំនួន៣៥០តោន

* បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងធានាជីវភាពរស់នៅ ជូនកងទ័ពដូចជាការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដោយបច្ចុប្បន្នកងពល បានបន្ថែមនូវគ្រឿងទេស គ្រឿងឧបភោគបរិភោគប្រចាំខែចំនួន១៩មុខ ជូនយោធិន ដែលឈរជើងការពារតាមបណ្តាគោលដៅ និងមានការចែកនូវកាហ្វេ ប្រចាំថ្ងៃជូនយោធិនទូទាំងកងពលផងដែរ

* ដើម្បីលើកស្ទួយសុខុមាលភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កងពលមានមន្ទីរពេទ្យ០១ និង០២ មណ្ឌលសុខភាព ដែលមណ្ឌលសុខភាពទី១ ស្ថិតនៅឃុំក្រាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពទី២ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដើម្បីពិនិត្យ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋ និងមានម៉ាស៊ីនផលិតទឹកស្អាត ចែកជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ

* កងពលមានរថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះ សម្រាប់ជួយអន្តាគមន៍ និងដឹកជញ្ជូនជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីមានផ្ទៃពោះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ លេខ៤ និងភាគខាងលិចរាជធានីភ្នំពេញ ទៅកាន់មន្ទីរពេទ្យរដ្ឋនានា ក្នុងរាជធានីភ្នំពេញ់ ដោយមិនយកកម្រៃ ហើយកងអនុសេនាធំចល័តសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ក៏បានចល័តអន្តរាគមន៍សង្គ្រោះទូទាំងប្រទេស ដូចជាករណ៍បាក់ស្រុតអគារ៧ជាន់ នៅខេត្តព្រះសីហនុ និងបានសង្គ្រោះបុរសដែលធ្លាក់កៀបជាប់ អស់រយៈពេល០៣យប់ ០៤ថ្ងៃ ក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង បានចេញដោយសុវត្ថិភាព

* ដោយមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងសប្បរសជននានា ទាំងក្នុង និងក្រៅប្រទេស និងថវិកាបង្កបង្កើនផលផ្ទាល់របស់កងពល កងពលបានកសាងទីតាំងឈរជើង ចំនួន០៨កន្លែង ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាអគារស្នាក់នៅទ័ព អគារធ្វើការសាលប្រជុំ រោងរថក្រោះ រថពាសដែក ផ្ទះបាយ បន្ទប់អនាម័យ បានសរុបចំនួន២១៥ខ្នង ក្នុងនោះ អគារផ្ទាល់ដីចំនួន១៩១ខ្នង កម្ពស់២ជាន់ ចំនួន១៥ខ្នង ៣ជាន់ ចំនួន៨ខ្នង ៥ជាន់ ចំនួន១ខ្នង

* បានធ្វើវេទិកា ឈូសឆាយទីលានប្រារព្ធពិធីបើក-បិទ ជួសជុលផ្លូវបាញ់ចំនួន០៦ខ្សែ អគារលោទខ្សែរ ទីលានចតឧទ្ធម្ភាចក្រ អគារស្នាក់នៅ រោងបាយ និងជួសជុលផ្លូវលេខ១៤៧ ប្រវែង៧,៥គីឡូម៉ែត្រ ពីភ្នំជាលរហូតដល់ច្រកចូលមូលដ្ឋាន កងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះពៅ ដែលជាទីតាំង
បម្រើឲ្យលំហាត់នាគមាស២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន

* បានអភិវឌ្ឍន៍ ប្រែក្លាយផ្ទៃដី១ម៉ឺន៧ពាន់ហិកតា នៅស្រុកជុំគិរី ខេត្តកំពត ទៅជាទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូច វរសេនាធំចម្រុះ និងបានសាងសង់អគារសរុប ចំនួន៥៣ខ្នង ហើយបានប្រសិទ្ធនាមថា សាលាហ្វឹកហ្វឺនកជាសជុំគី ដែលជាទីតាំងបម្រើឲ្យលំហាត់ហនុមានមាស ២០១៨
២០១៩ នៃកងយោធពលខេមរភូមិន្ទ និងសមយុទ្ធនាគមាស២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

ជាមួយគ្នានេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលក៏បានកំពុងឈូសឆាយផ្លូវ និងទីលានសម្រាប់សាងសង់ព្រះពុទ្ធបដិមា ដែលមានព្រះភ្នែន២១ម៉ែត្រ និងសំណង់អគារផ្សេងៗទៀត សម្រាប់បម្រើដល់កិច្ចការសាសនាផងដែរ។

* ដោយយល់ឃើញថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដោយមានការអនុញ្ញាតពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ បានសហការជាមួយអង្គការ JPR សាងសង់សាលាសង្គ្រោះមួយកន្លែង នៅខេត្តព្រះសីហនុ ដោយបានប្រសិទ្ធនាមថា «សាលាហ្វឹកហ្វឺនសង្គ្រោះ មិត្តភាពកម្ពុជា ជប៉ុន» ហើយបានបំពាក់រថយន្តពន្លត់អគ្គីភ័យ រថយន្ត សង្គ្រោះបន្ទាន់ និងសម្ភារសម្រាប់បម្រើការសង្គ្រោះជាច្រើនទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានសម្ដែងនូវអំណរគុណ ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់នូវដំបូន្មាន និងទិសដៅល្អជំរុញការកសាង និងអភិវឌ្ឍន៍ហ្វឹកហ្វឺន រៀនសូត្រដល់កងពលឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង និងអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស
ដែលបានសហការយ៉ាងល្អ ជាមួយកងពលក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងភារកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខ រក្សាបានសណ្តាប់ធ្នាប់ សង្គមក្នុងរាជធានីភ្នំពេញ។

ព្រមពេលជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដូចជាសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ បច្ចេកទេស និងហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន របស់កងពលនាពេលកន្លងមក៕