លោក សម រង្ស៊ី ចង់ឲ្យអតីត សកម្មជនខ្លួនជាប់គុក


ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើងថា ចង់ឲ្យសកម្មជនខ្លួនជាប់គុកបានសុខចិត្តឬយ៉ាងណា បានជាអ្នកនយោបាយពាលទណ្ឌិត សម រង្ស៊ី ធ្វើទុក្ខបុកម្នេញ សកម្មជនរបស់ខ្លួន ម្តងហើយម្តងទៀត?

ឯកឧត្តម ថា ធ្វើទុក្ខបុកម្នេញនោះ ដោយសារទណ្ឌិតនេះ បានចោទទម្លាក់កំហុសបន្ថែមទៀតថា អ្នកមកសារភាព អំពើក្បត់ជាតិ គឺជាការសារភាពក្លែងក្លាយទៅវិញ។

ឯកឧត្តម បានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ថា បុគ្គលមួយចំនួន ដែលបានចាញ់ឧបាយកល របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកខ្លួន ក្នុងផែនការប៉ុនប៉ង រដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាល និងរបបរាជានិយម បានមកសារភាពកំហុស ជាមួយសមត្ថកិច្ច ដើម្បីទទួលបានការអនុគ្រោះ ហើយនោះ បែរជាទណ្ឌិតនេះ ចោទទម្លាក់កំហុស ដាក់គ្នាបន្ថែមទៀតថា ជាការសារភាពក្លែងក្លាយទៅវិញ។

អ្នកនាំពាក្យបន្ថែមថា “ការចោទបែបនេះ គឺជាការចោទដាក់បងប្អូន ទាំងនោះថា ផ្តល់សក្ខីកម្មក្លែងក្លាយ ដែលនេះជាអំពើល្មើសច្បាប់ ព្រហ្មទណ្ឌថ្មីមួយទៀត”។

ឯកឧត្តម គឹម សន្តិភាព  ស្នើឲ្យសកម្មជនភ្ញាក់ខ្លួនឡើង ឈប់ចាញ់ឧបាយកលឧក្រិដ្ឋ របស់ទណ្ឌិតរូបនេះ ព្រោះសកម្មភាពទណ្ឌិតនេះ គ្មានអ្វីក្រៅពីចង់ ឲ្យពួកគេជាប់គុកទេ៕