ទណ្ឌិត សម រង្ស៊ី ​ត្រូវបានសហភាពអន្តរសភា(IPU)​ ​ទាត់ក្បាលចោល​ មិនឲ្យឡើងថ្លែងសន្ទរកថា​ក្នុងមហាសន្និបាត​លើក​ទី​១៤១​


(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យឡើងថ្លែងសន្ទរកថានៅក្នុងមហាសន្និបាតលើក​ទី​១៤១ របស់សហភាពអន្តរសភា(IPU) នៅមជ្ឈមណ្ឌល SAVA Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ការមិនអនុញ្ញាតឲ្យឡើងថ្លែងសន្ទរកថានេះ គឺបន្ទាប់ពីមានការតវ៉ាពីគណៈប្រតិភូរដ្ឋសភាកម្ពុជា។

បើតាមបញ្ជីឈ្មោះដែលអ្នកត្រូវឡើងថ្លែងសន្ទរកថា ទណ្ឌិត សម រង្ស៊ី បានបន្លំចុះឈ្មោះស្ថិតនៅលេខរៀងទី៦៤ នៃបញ្ជីឈ្មោះអ្នកចូលរួម ដោយបានប្រើឈ្មោះអង្គការ Liberral Intertional។ បន្ទាប់ពីមានការតវ៉ាឈ្មោះ ទណ្ឌិត សម រង្ស៊ី ត្រូវបានលុបចេញពីបញ្ជីដោយមិនអនុញ្ញាតឲ្យឡើងថ្លែងសន្ទរកថានោះទេ។

សូមជម្រាបថា មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU ភាគីកម្ពុជាដឹកនាំដោយលោក​ស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា។ មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែក​កិច្ចសហប្រតិបត្តិការក្នុងតំបន់”។

មហាសន្និបាតនេះ មានការចូលរួមយ៉ាងច្រើនពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណ​ជាង​១៧០០​នាក់​ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជា ស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត។

គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់ លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សាពីការវិវឌ្ឍន៍ចុងក្រោយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕