អតីតមេដឹកនាំ នៃអតីត CNRP ២រូប នៅស្រុកសំឡូត ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ ឈប់ចាញ់បោក សម រង្ស៉ី


(បាត់ដំបង)៖ មេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិប្រចាំស្រុកសំឡូត ២រូប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវដល់អតីតសកម្មជននៃអតីត CNRPទាំងអស់ កុំចាញ់បោកទណ្ឌិត សម រង្ស៉ី។

សមាជិកអតីតបក្សប្រឆាំង២រូបនេះ រួមមាន ១៖ ឈ្មោះ ហ៊ូ យ៉ារី ភេទប្រុស អាយុ៣៨ឆ្នាំមានឋាន:ជាក្រុមប្រឹក្សាឃុំស៊ុង (ជំទប់ទី2) និង២៖ ឈ្មោះ ឡាយ ពេជ្រមុន្នី ភេទប្រុស មានឋាន: ជាក្រុមប្រឹក្សាឃុំសំឡូត (អតីតជំទប់ទី១)។

លោក ហ៊ូ យ៉ារី បានថ្លែងថា «លោក សម រង្ស៉ី ដែលជាប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ កំពុងដឹកនាំមហាជនឱ្យដើរផ្លូវខុស មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដោយប្រមាថអង្គព្រះមហាក្សត្រ ដែលជាម្លប់របស់កូនចៅជនជាតិខ្មែរយើង»។

លោកបានសំណូមពរដល់បងប្អូនខ្មែរទាំងអស់ កុំជឿតាមសម្តីលោក សម រង្ស៉ី តទៅទៀត ព្រោះគាត់មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្កភាពវឹកវរដល់ប្រទេសកម្ពុជា។ លោកផ្តាំកុំឱ្យជឿពាក្យញុះញង់របស់ លោក សម រង្ស៉ី តទៅទៀត៕