មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់(២០១៧-២០៣០) នៅខេត្តមណ្ឌលគិរី


មណ្ឌលគិរីះ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នៅខេត្តមណ្ឌលគិរី ដើម្បីជម្រុញដំណើរការអភិវឌ្ឍវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត បានលើកឡើងថា កាលពីឆ្នាំ២០១៦-២០១៧ មន្ទីរសង្គមកិច្ច បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលាខេត្តមណ្ឌលគិរី បានបង្កើតសមាគមមនុស្សចាស់តាមឃុំ/សង្កាត់បាន ចំនួន២១សមាគម ស្មើនឹង ២១ឃុំ/សង្កាត់ ទូទាំង០៥ ក្រុង/ស្រុក ដែលមានសមាជិកសរុបចំនួន១,១៣២នាក់ ស្រី៣៤០នាក់។ លោក បន្ថែមថា មន្ទីរបានចុះពិនិត្យសហគមមនុស្សចាស់ ដែលបានបង្កើតរួចនៅតាមឃុំសង្កាត់ និងបានជួយទ្រទ្រង់ជាថវិកា៨០ម៉ឺនរៀល /១ឃុំ បានចំនួន៣ឃុំ ក្នុងស្រុកកោះញែក។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើការគាំពារទៅលើមនុស្សវ័យចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងបរិការណ៍ នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃប្រជាសាស្ត្រ និងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។ លោក បន្ថែមថា ការបង្កើតគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ គឺជាកិច្ចខិតខំបន្ថែម សម្រាប់លើកកម្ពស់គុណភាពជីវិតមនុស្សវ័យចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់ក្នុងសង្គម ដើម្បីធ្វើឱ្យសង្គមខ្មែរជាសង្គមប្រកបដោយបរិយាបណ្ណ។

លោក បញ្ជាក់ថា គោលនយោបាយនេះ បានផ្តោតសំខាន់ចំនួន០៩ចំណុច ទី១ សន្តិសុខហិរញ្ញវត្ថុ ២. សុខភាព ៣. របៀបរបបការរស់នៅ ៤. បរិស្ថានអំណោយផល ៥. វ័យចាស់សកម្ម និងសមាគមមនុស្សខាស់ ៦. ទំនាក់ទំនងអន្តរជំនាន់ ៧. ការរំលោភបំពាន ការមិនអើពើ និងអំពើហិង្សាលើមនុស្សចាស់ ៨. ស្ថានភាពមានអាសន្ន និង៩. ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេង សម្រាប់ការឈានចូលវ័យចាស់។ លោក អភិបាលរងខេត្ត ក៏បានសំណូមពរដល់គណៈកម្មាធិការមនុស្សចាស់ឃុំ/សង្កាត់ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយគណៈកម្មាធិការដើម្បីមនុស្សចាស់ ដែលមានមន្ទីរសង្គមកិច្ច ដែលជាសេនាធិការ ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងផែនការសកម្មភាពម៉ាទ្រីសរបស់គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សវ័យចាស់នៅក្នុងមូលដ្ឋាន និងតាមសហគមន៍រៀងៗខ្លួន៕