(ឧត្ដរមានជ័យ)៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រទេសកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រជាពលរដ្ឋអាចដើរលេងកម្សាន្ដសប្បាយ និងប្រារព្ធពិធីបុណ្យផ្សេង ដោយក្ដីរីករាយ គ្មានការព្រួយបារម្ភអ្វីទាំងអស់។
ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើជាអធិបតី ក្នុងពិធីបុណ្យអុំទូក នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ពិធីនេះបានប្រព្រឹត្តិទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ដែលមានទូកចូលរួមប្រកួត ចំនួន២០គ្រឿង។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រជាពលរដ្ឋមានឱកាសប្រារព្ធពិធីបុណ្យអុំទូក ក៏ដូចជាបុណ្យនានា បានដោយសុវត្ថិភាព និងប្រកបដោយក្តីសប្បាយរីករាយ។ ជាក់ស្តែងឆ្នាំនេះ មានប្រជាពលរដ្ឋបានមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ជាងបណ្តាឆ្នាំមុនៗ។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសសើរដល់រដ្ឋបាលខេត្ត ដែលបានរៀបចំពិធីបុណ្យអុំទូក បានយ៉ាងអធិកអធ័ម និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ។
បន្ទាប់ពីការប្រកួតប្រជែង រយៈពេល២ថ្ងៃ ជាលទ្ធផលចុងក្រោយទូកឈ្មោះ «គង្គាសែនពិដោមានជ័យ» របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលបានជ័យលាភីលេខ១៕