នយោបាយ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រៀមខ្លួនជាថ្មី ទប់ស្កាត់និងបំផ្លាញចោលរាល់សកម្មភាព លោក សម រង្ស៊ី


ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងជាថ្មីថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈរួចជាស្រេចយ៉ាងតឹងរឹងដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពរបស់លោក សម រង្ស៊ីដែលមានបំណងធ្វើរដ្ឋប្រហារ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពី លោក សម រង្ស៊ីឲ្យកងកម្លាំងមហាជន ទៅឡោមព័ទ្ធផ្ទះមេភូមិ និងស្នងការដ្ឋាននគរគ្រប់រាជធានី-ខេត្តទូទាំងប្រទេស។

ឯកឧត្តម គឹម សន្តិភាពបានហៅសកម្មភាពលោក សម រង្ស៊ីនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ក្នុងការធ្វើឲ្យកើតមាន រដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។

ឯកឧត្តមថា “តែសូមបញ្ជាក់ជាថ្មីថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ ដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ”។

ឯកឧត្តមបញ្ជាក់ថា ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកឲ្យរួចផុតពីទោសទណ្ឌ៕