នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធ្មជាតិ។ ជារួមអង្គប្រជុំបានសម្តែងការគាំទ្រដល់ក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីធានាស្ថិរភាព និងសុវត្ថិភាពនៃតំបន់ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ ជាពិសេសប្រភេទជិតផុតពូជ ប្រភេទមានដោយកម្រ និងប្រភេទងាយរងគ្រោះ ក៏ដូចជាលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ សមាជិកអង្គប្រជុំក៏បានចូលរួមមតិយោបល់ ដែលជាធាតុចូលល្អៗសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងចុងក្រោយ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។