អាវរងា អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅចែកជូនក្រុមមន្ដ្រីអាវុធហត្ថខេត្តកណ្ដាល


(កណ្ដាល)៖ អាវរងាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនមន្ដ្រីអាវុធហត្ថជាច្រើននាក់ នៅទូទាំងខេត្តកណ្ដាល។

ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ថា អំណោយនេះមិនមែនចែកជូនតែឥឡូវនេះទេ គឺចែកជូនជារៀងរាល់ឆ្នាំ សម្តេចតែងតែយកចិត្តទុកដាក់ នាពេលរដូវភ្លៀង លោកតែងតែយកអាវភ្លៀងមកជូន នៅពេលរដូវរងារលោកតែងតែយកអាវរងារមកជូន ហើយការប្រើប្រាស់ មិនត្រឹមតែនៅដៃទាហានប៉ុណ្ណោះទេ គឺទៅដល់ដៃប្រពន្ធ និងកូនទៅទៀត។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កម្លាំងត្រូវអនុវត្តន៍ ឲ្យបានដាច់ខាត៖

*ត្រូវការពារដាច់ខាតរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលប្រជាជនបោះឆ្នោតជូន។
*សម្តេចតេជោ និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់យើង ដូច្នេះត្រូវតែការពារដាច់ខេត្ត ទាំងបុត្រៗនិងចៅៗ។
*សម្តេចជាបិតា វរបុរសរបស់យើងទាំងអស់គ្នា ពិសេសយើងរួចផុតពីសង្គ្រាម ពីរបបប៉ុលពត មានសេរីភាព ស្ថេរភាព និងការអភិវឌ្ឍ គឺដោយសារសម្តេចតេជោ។
*កុំចាញ់បោកពួកប្រឆាំងមួយចំនួនបង្កបញ្ហា ឲ្យប្រទេសជាតិអសន្តិសុខ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យយកអាវរងាប្រមាណ ៤ម៉ឺនអាវ ទៅចែកជូនកងកម្លាំងប្រដាប់នៅទិសភូមិភាគទី១, ទី៤ និងទី៥។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យចែកអាវរងានេះ រហូតដល់គ្រប់៨ម៉ឺនអាវជូនកងកម្លាំងប្រដាប់អាវុធគ្រប់ទិស ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងតាមបណ្តាកោះក្នុងដែនសមុទ្រ ដែលតែងតែងខិតខំថែរក្សាការពារសុខសន្តិភាព និងបូរណភាពទឹកដី ជាតិមាតុភូមិដោយអង់អាចក្លាហាន និងឥតងាករេ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានកងទ័ពប្រសិទ្ធនាមជាអគ្គភស្តុភារបស់កងទ័ព ដោយសម្តេចតេជោតែងតែ ផ្គត់ផ្គង់រាល់តម្រូវការរបស់កងទ័ព មិនដែលឲ្យខ្វះនោះឡើយទាំងសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមទាំងអាវភ្លៀង និងអាវរងាទៅតាមរដូវ៕