(ភ្នំពេញ)៖ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ក្នុងគន្លងខ្សែក្រវាត់ និងផ្លូវ បានជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឡើងដល់កម្រិតដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។ ជាក់ស្តែង ចិននៅតែឈរក្នុងលំដាប់ឈានមុខគេនៃការធ្វើវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលចូលរួមពិព័រណ៍ពាណិជ្ជកម្ម ផ្លែឈើអន្តរជាតិលើកទី៤ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយុនឆឹង ខេត្តសាន់ស៊ី ប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លាវ ចឺហុង លេខាបក្សក្រុងយុនឆឹង ខេត្តសាន់ស៊ី ដោយភាគីទាំងពីរ បានជំរុញឱ្យមានការផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក រវាងប្រទេសកម្ពុជា និងខេត្តសាន់ស៊ី ដើម្បីជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគ មានទំនាក់ទំនងដោយផ្ទាល់ និងមានឱកាសបានចាប់ដៃគូពាណិជ្ជកម្មលើវិស័យកសិកម្ម។
ឯកឧត្តម សំ សិរីរតន៍ បានលើកឡើងពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេស គឺការវិនិយោគលើវិស័យកសិកម្ម ដូចជាការកែច្នៃកសិផលទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកផង និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិផង ខណៈដែលកម្ពុជា នៅតែមានឧត្តមភាព និងភាពអនុគ្រោះពាណិជ្ជកម្មនៅឡើយ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើភាគីចិនជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មលើផលិតផលកសិកម្ម ជាពិសេសរវាងផ្លែប៉ោម ក្រុងយុនឆឹង និងផលិតផលកសិកម្មកម្ពុជា។
លោក លាវ ចឺហុង បានគាំទ្រតាមសំណើរបស់កម្ពុជា ហើយបានបញ្ជាក់ថា ភាគីចិនមានគម្រោងនឹងដឹកនាំគណៈប្រតិភូពាណិជ្វកម្ម ធុរជន និងវិនិយោគគិន ខេត្តសាន់ស៊ី អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំក្រោយ។
គួរជម្រាបថា វឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន កាលពីឆ្នាំ២០១៧សម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ ព្រមទាំងផែនការបង្កើនឱ្យបានដល់ ៦ប៊ីលានដុល្លារ នៅឆ្នាំ២០២០ និង ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម៕