ផ្លូវបេតុង ២ខ្សែ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបើកការដ្ឋាន


រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ មានប្រវែងសរុប ៦២៩ម៉ែត្រ ក្នុងនោះខ្សែទី១ មានប្រវែង ៣៤៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម និងខ្សែទី២ មានប្រវែង ២៨២ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ក្នុងគម្រោមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ, អភិបាលរង និងមានការចូលរួមពីប្រជាពលរដ្ឋទាំង ២ភូមិ ជាង ២០០រយនាក់ ។

លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ផ្លូវបេតុង ២ខ្សែដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ អនុវត្តគម្រោងដោយក្រុមហ៊ុន ផាត់ សុផល ដែលឈ្នះការដេញថ្លៃនាពេលកន្លងមក និងត្រូវចំណាយថវិកាអស់ជាង ២០១លានរៀល ស្ថាបនាក្រោមគម្រោមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩។

ក្នុងពិធីនេះដែរលោក ចេង មុនីរ៉ា បានសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុង ត្រូវចូលរួមសហការតាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារដែល កំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង២ខ្សែនេះ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៏ទទួលបានការសសើរពីប្រជាពលរដ្ឋ និងអាជ្ញាធរផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយ អាជ្ញាធរក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

នៅចុងបញ្ចប់ នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង គ្មានសរសៃដែកនេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កុំជឿតាមការឃោសនាញុះញុងបំផុសបំផុល ពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់ អាចនិយាយបានថា ជាពួកឧទ្ទាមក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញឲ្យប្រទេសជាតិមានការ អភិវឌ្ឍន៍រីកចម្រើនថែមទៀត៕