ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា។

ជាបឋម លោក Murayama Tsetuo បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាជួបរូបលោក និងសហការី ហើយសូមរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបអំពីស្សាវតារបស់ក្រុមហ៊ុមដែលមានមុខជំនួញធំៗជាច្រើនទាំងក្នុងប្រទេសជប៉ុន និងនៅលើពិភពលោកទាក់ទងអចលនទ្រព្យ និងវិស័យកសិកម្មផងដែរ។ កន្លងមកនេះ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សាគឺបានធ្វើតេស្តសាកល្បងរស់ជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជាដោយប្រជាជនជប៉ុនបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិក។ ប៉ុន្តែ ជារួមគុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិត ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទ:ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនាម័យគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត។ ហេតុនេះ លោកនាយកក្រុមហ៊ុនបានធ្វើការស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏ចាប់អារម្មណ៍ផងដែរលើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នងចំការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនត្រូវបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ដែលជាសរសៃឈាមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នដល់ជាង ៧% ហើយសមិទ្ធផលនេះមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងពីវិស័យឯកជនជប៉ុនបានឡើយ។ ក្រោយបានស្តាប់របាយការណ៍រួច ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះលទ្ធផលនៃការ សិក្សា ជាពិសេសគំនិតផ្តួចផ្តើនលើការវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។ លោកបានជម្រាបជូនភ្ញៀវថា គម្រោងនេះគឺស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននិងកំពុងខិតខំជំរុញផលិតភាពផលិតកម្មឲ្យមានលក្ខណ:ល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយ:វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មដោយអនុវត្តតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម” ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម។ លោកបានបន្តទៀតថា តាមរយ:បទពិសោធន៍ដែលក្រុមហ៊ុនមាន សង្ឃឹមថាគម្រោងនេះនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោង ទុក។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនគួរតែរៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រងសហគមន៍ផលិត ហើយគួរអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករកម្ពុជា ក្រុមហ៊ុន និងជាពិសេសសេដ្ឋកិច្ចជាតិ។