នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលស៊ាសិន (SEACEN) ស្តីពី “យុទ្ធសាស្ត្រ និងដំណើរការនៃគោលនយោបាយរូបិយវត្ថុ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣២រូប មកពីបណ្តាធនាគារកណ្តាលនៃប្រទេសសមាជិក SEACEN និងត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធន៍ការងារជាក់ស្តែងពាក់ព័ន្ធនឹងការព្យាករសន្ទនីយភាព, ការសិក្សាពីវិធីសាស្រ្តគ្រប់គ្រងអត្រាការប្រាក់, គោលការណ៍វាយតម្លៃលើយុទ្ធសាស្រ្តនិងវិធីសាស្រ្តផ្សេងៗក្រោមរបបគោលនយោបាយអតិផរណាគោលដៅ, ការសិក្សាពីតម្រូវការសម្រាប់ធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់ដើម្បីឆ្លើយតបនឹងបម្រែបម្រួលនៃរូបិយវត្ថុនិងលំហូរមូលធន, និងការកំណត់ពីតម្រូវការនិងផលប៉ះពាល់នៃការដាក់ចេញគោលនយោបាយ។