(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីតក់ស្លុតក្រៀមក្រំក្តុកក្តួល ជាអនេកប្បការក្រោយពីទទួលបានដំណឹងនៃការទទួលព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះចៅអធិការវត្តសន្សំកុល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធ ក្នុងព្រះជន្ម ១០៦ព្រះវស្សា។
តាមរយៈលិខិតទូលថ្វាយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចវិបុលសេនាភក្តី សាយឈុំ បានគូសបញ្ជាក់ថា «យើងខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការយាងទទួលព្រះអនិច្ចកម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាមព្រះហស្ថជាច្រើនឥតគណនា ទាំងពុទ្ធចក្រ និងអាណាចក្រ»។
សម្តេចវិបុលសេនាភក្តី សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខ័ន្ធរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។