ក្រោយ សម រង្ស៉ី ចោទវិទ្យុបារាំងអន្តរជាតិលំអៀង, លោក ហ្សង់ ហ្វ្រង់ស័រតាន់ ចេញអត្ថបទបកអាក្រាតចរិត និងពុតត្បុតរបស់អ្នកនយោបាយ «ប្រជានិយម»


លោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងជាអ្នកបកស្រាយលើភូមិសាស្ត្រនយោបាយ ដ៏មានប្រជាប្រិយភាពបានចេញអត្ថបទនិយាយពីចរិតនយោបាយ និងពុតត្បុតមួយចំនួនរបស់អ្នកនយោបាយប្រជានិយម។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា អ្នកនយោបាយប្រជានិយម មិនមែនជាអ្នកប្រជាធិបតេយ្យនោះឡើយ។

ជាការកត់សម្គាល់លោក ហ្សង់ ហ្វ្រង់ស័រតាន់ បញ្ចេញអត្ថបទបកអាក្រាតពីចរិតរបស់អ្នកនយោបាយប្រជានិយមនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីជនក្បត់ជាតិ សម រង្ស៉ី បានវាយប្រហារមកលើវិទ្យុបារាំងអន្តរជាតិជាខេមរភាសាថា ជាវិទ្យុដែលគ្រប់គ្រងដោយមនុស្សមួយក្តាប់តូចមានភាពលំអៀងទៅកាន់រាជរដ្ឋាភិបាល។

ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ត្រូវបានគេហៅថា ជាអ្នកនយោបាយប្រជានិយម ធ្វើនយោបាយបោកប្រាស់រាស្រ្ត និងឆក់ឱកាសក្នុងការផ្គាប់ផ្គន់ចិត្តរបស់រាស្ត្រលើបញ្ហាដែលរាស្ត្រថ្នាំងថ្នាក់ ដោយមិនបានថ្លឹងថ្លែងពីស្ថានភាពពិតរបស់សង្គមជាតិនោះឡើយ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងតាមរយៈបណ្តាញសង្គមថា អ្នកប្រជានិយមមិនមែនជាអ្នកប្រជាធិបតេយ្យទេ, មានចំណុចរួមយ៉ាងតិចពីររវាង មនោគមវិជ្ជានៃប្រជានិយមផ្សេងៗដែលកំពុងកើនសន្ទុះ នៅក្នុងពិភពលោកសព្វថ្ងៃ។ ទី១៖ គឺ ការតាំងខ្លួនជារាស្ត្រ អ៊ីចឹងហើយបានជាគេដាក់ឈ្មោះឱ្យថា ប្រជានិយម អក្សរកាត់នៃ «ប្រជារាស្ត្រនិយម» ដ្បិតពួកប្រជានិយមតាំងខ្លួនជាអ្នកតំណាងផ្តាច់មុខឱ្យរាស្ត្រ និងតាំងខ្លួនជាអ្នកការពារផ្តាច់មុខផលប្រយោជន៍របស់រាស្ត្រ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បន្តថា ពួកប្រជានិយមពូកែបំបោសអង្អែលរាស្ត្រ និងពូកែបោកប្រាស់រាស្ត្រ ដើម្បីសម្រេចប្រយោជន៍នយោបាយរបស់ពួកគេ។ រាស្ត្រចង់បានអ្វី ពួកប្រជានិយមសន្យាហ្នឹង ទោះបីជាដឹងថា ក្រោយពីក្លាយជាអ្នក ដឹកនាំប្រទេសហើយ ពួកគេមិនអាចធ្វើតាមពាក្យសន្យាក៏ដោយ។

រីឯចំណុចរួមទី២៖ គឺការស្អប់ខ្ពើមពួកឥស្សរជនអ្នកមានអំណាចឬអ្នកមានឥទ្ធិពល ដូចជាថ្នាក់ដឹកនាំប្រទេស និងអ្នកកាសែតនៃ ប្រព័ន្ធផ្សព្វផ្សាយនានា(ទាំងពួកមិនកាន់ជើងខ្លួន ទាំងពួកមានជំហរអព្យាក្រឹត…) ដែលពួកប្រជានិយមចោទថាឋិតនៅខាងពួកឥស្សរជន និងចោទថាកំពុងចិញ្ចឹមប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នដែលមិនផ្តល់យោជន៍ដល់រាស្ត្រ។

នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងជាខេមរភាសារូបនេះ បន្តលើកឡើងថា អាស្រ័យទៅតាមស្ថានភាពផ្ទៃក្នុងនៃប្រទេសនីមួយៗ ពួកប្រជានិយម ជាអ្នកប្រកាន់វណ្ណៈ និងប្រកាន់ពូជសាសន៍។ នៅក្នុងន័យនេះ ពួកប្រជានិយមដែលជាទូទៅមិនមែនជាអ្នកក្រីក្រទាល់តែសោះ ញុះញង់រាស្ត្រឱ្យស្អប់ខ្ពើមពួកអ្នកមាននិងអ្នកមានអំណាច ឱ្យស្អប់ខ្ពើមពួកអ្នកដែលមិនគាំទ្រពួកខ្លួន និងឱ្យស្អប់ខ្ពើមពួកជនអន្តោប្រវេសន៍ដែលពួកគេចោទថាប្រឆាំងនឹងប្រយោជន៍រាស្ត្រ, ប្រឆាំងនឹងប្រយោជន៍ជាតិ។

នៅក្នុងកាលៈទេសៈនេះដែរ រាស្ត្រឆាប់ជឿពួកប្រជានិយមណាស់ ពីព្រោះពួកប្រជានិយមពូកែដុតរោលកំហឹងរបស់រាស្ត្រឱ្យគុំកួនថ្នាក់ដឹកនាំ ដោយចោទត្រង់ៗថា ថ្នាក់ដឹកនាំជាពួកក្បត់ជាតិ មិនធ្វើនយោបាយបម្រើប្រយោជន៍រាស្ត្រ ឬបម្រើប្រយោជន៍ជាតិទេ តែបម្រើប្រយោជន៍ពួកអ្នកមាន និងពួកអ្នកមានអំណាច ព្រមទាំងជួនកាល បម្រើប្រយោជន៍បរទេសជិតខាងទៅទៀត។ អ៊ីចឹងហើយ បានជាប្រជានិយមកើនឥទ្ធិពលនិងកើនសន្ទុះ នៅពេលណាដែលស្ថានភាពអន្តរជាតិឬស្ថានភាពតំបន់ឬក៏ស្ថានភាពផ្ទៃក្នុងប្រទេសមានលក្ខណៈអាប់អួរខ្លាំង ធ្វើឱ្យរាស្រ្តមានអារម្មណ៍ថា មិនសូវមានសុខក្សេមក្សាន្ត និងធ្វើឱ្យរាស្ត្រមានអាម្មណ៍ថា អ្នកមានរឹតពីមាន រីឯអ្នកក្ររឹតពីក្រ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បន្តថា មានឧទាហរណ៍ច្រើនក្នុងអតីតកាល និងនៅក្នុងបច្ចុប្បន្នកាល ដែលបង្ហាញថា ជាញឹកញយ កម្លាំងនយោបាយប្រជានិយម បានឡើងក្តាប់អំណាចតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ។ ប៉ុន្តែពេលក្លាយជារដ្ឋាភិបាលគ្រប់គ្រងប្រទេសហើយ កម្លាំងប្រជានិយមតែងតែឈានបន្តិចម្តងៗទៅដល់ការរំលោភបំពានគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់បុគ្គល ដ្បិតជាតិនិយមខ្លាំងពេក ស្អប់ជនជាតិបរទេសខ្លាំងពេក និងស្អប់គុំកួនអ្នកប្រឆាំងនឹងពួកខ្លួនខ្លាំងពេក។

អ្នកព័ត៌មានជំនាញភូមិសាស្ត្រនយោបាយពិភពលោកដ៏មានប្រជាប្រិយភាពរូបនេះ បានបញ្ជាក់ថា ជារួមមកពួកប្រជានិយម ពេលមានអំណាចនៅក្នុងដៃហើយ មិនរារែកនឹងប្រមូលផ្តុំអំណាចបែបផ្តាច់ការឡើយ ដ្បិតអាងថា ពួកគេបំពេញតាមបំណងរបស់រាស្ត្រដែលបានបោះឆ្នោតឱ្យពួកគេ ក្នុងគោលដៅសងសឹកអ្នកធ្វើបាបរាស្ត្រ។

អ្វីដែលលោក ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងខាងលើនេះ វាជាតថភាពពិតរបស់អ្នកប្រជានិយមនៅលើពិភពលោកយ៉ាងណាក្តី តែវាបានស្តែងយ៉ាងច្បាស់ពីធាតុ និងចរិតនយោបាយរបស់ក្រុមជនក្បត់ជាតិ សម រង្ស៉ី ដែលបានធ្វើតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។

តាមរយៈអត្ថបទនេះបើទោះបីជា លោក ហ្សង់ ហ្វ្រង់ស័រតាន់ មិនបានចុចឱ្យចំថាចរិតអ្នកនយោបាយប្រជានិយម ជាចរិតរបស់ក្រុមជនក្បត់ជាតិ សម រង្ស៉ី យ៉ាងណាក្តី តែមិត្តអ្នកអានជាច្រើនបានមើលឃើញថា អត្ថបទរបស់លោកជាការវាយបកប្រកបដោយភាពត្រជាក់បំផុត ទៅកាន់ក្រុមជនក្បត់ជាតិ សម រង្ស៉ី ដែលបានវាយប្រហារលើភាពអព្យាក្រិត្យរបស់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសា៕