តុលាការបង្គាប់ឱ្យទណ្ឌិត សម រង្ស៉ី ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ករណីញុះញង់ដែលប្តឹងដោយសម្តេចក្រឡាហោម ស ខេង


(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យទណ្ឌិត សម រង្ស៉ី ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបំភ្លឺចំពោះករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលប្តឹងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដីកានេះត្រូវបានក្រុមសមត្ថកិច្ច យកទៅបិទនៅផ្ទះរបស់ លោក សម រង្ស៉ី នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

បើតាមដីការបស់ លោក កូយ សៅ បានបង្ហាញថា សំណុំរឿងនេះគឺលោក សម រង្ស៉ី បានសរសេរញុះញង់ លើទំព័រ Facebook ឈ្មោះ Sam Rainsy កាលពីថ្ងៃទី០២ និងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទហ្មទណ្ឌ ដែលផ្តន្តាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោកសម រង្ស៉ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរវាយប្រហារថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបញ្ជាការឱ្យសម្លាប់ លោក ហុក ឡង់ឌី ហើយថាកូនប្រុសរបស់ លោក ហុក ឡង់ឌី គឺលោកឌី វិជ្ជា ជាដែលជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ដែរនោះ កំពុងរៀបចំផែនការជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីរកវិធីសងសឹក។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោក សម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី៕