វគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៨ ដែលរៀបចំដោយក្រសួងបរិស្ថាន និងសាលានាយទាហានសកម្ម នៅខេត្តកំពង់ស្ពឺ បានបិទបញ្ជប់នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមានសមត្ថភាពដែលជាគុណវុឌ្ឍិនិងគុណធម៌ខ្ពស់ នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម បន្ថែមដែរថាការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ» ស្របតាមបទដ្ឋានបច្ចេកទេស និងគរុកោសល្យត្រឹមត្រូវ សម្រាប់មន្ត្រីឧទ្យានុរក្ស គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការចូលរួមអនុវត្តភារកិច្ចដ៏ខ្ពង់ខ្ពស់ សម្រាប់នីតិកាលទី៦នេះ ដែលក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យស្រលាញ់ខ្លួនឯង មានមោទនភាពជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងប្រទេសដ៏ទំនើបមួយដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោយធានាបាននូវនិរន្តភាពបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។
យោងតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានលើកឡើងថា៖វគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៨ មានរយ:ពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីឧទ្យាននុរក្សចំនួន៦០នាក់ មកពីតំបន់ការពារធម្មជាតិ នៅក្នុងខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមហ្វឹកហាត់រ លេីមុខវិជ្ជាអប់រំចិត្តសាស្រ្ត យុទ្ធវិធី សព្វាវុធ វិស្វកម្ម សង្គ្រោះបឋម លំហាត់របៀប បាញ់ ក្បាច់គុណកងយោធពលខេមរភូមិន្ទនិងកីឡាយោធា ការរស់នៅក្នុងតំបន់ព្រៃ និងធ្វេីលំហាត់យុទ្ធវិធី ឧទរជីវិតនៅតំបន់គីរីរម្យ។