(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំពិធីទទួលទានអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងជួបជុំ ទទួលទានអំបុក ក្នុងក្របខណ្ឌសាលាក្រុង នៅរមណីយដ្ឋានវត្តភ្នំ និងមានរៀបចំ តាមខណ្ឌ សង្កាត់ មន្ទីរអង្គភាព វត្តអារាម សាលារៀនសរុបចំនួន ៨៨៩ទីតាំង ដែលគ្រោងនឹងមានប្រជាពលរដ្ឋ ចូលរួមជាង ១០ម៉ឺននាក់។
អាជ្ញាធររាជធានីភ្នំពេញ បានកំណត់ថា ពិធីទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ ថ្ងៃ០៩វិច្ឆិកា នឹងចាប់ផ្តើមជួបជុំគ្នា ពីម៉ោង ៧ ព្រឹក ដល់ល្ងាចថ្ងៃទី៩ វិច្ឆិកា។
អាជ្ញាធររាជធានីភ្នំពេញ បានគូសបញ្ជាក់ថា «អំបុក ក៏យើងទទួលទាន ឯការពង្រឹងសន្តិសុខ ក៏ត្រូវតែធ្វើយ៉ាងដាច់ខាត ដោយមិនទុកឱកាសឲ្យពួកក្បត់ជាតិ មកបំផ្លាញសេចក្តីសុខ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ បានឡើយ»។
អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសពីគម្រោងជួបជុំ ទទួលទានអំបុក ដោយលើកឡើងនៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។ កិច្ចប្រជុំ ក៏បានដាក់ផែនការ ដើម្បីពង្រឹងការយកចិត្តទុកដាក់ ត្រៀមលក្ខណៈ ទទួលជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យធំៗ រួមមាន ពិធីបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១០-១២វិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធររាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសពិធីបុណ្យជាតិសំខាន់នេះ ដោយកំណត់យកថ្ងៃទី០៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ជាចំណុចខ្ពស់ ត្រូវពង្រឹងសន្តិសុខ ឲ្យបានម៉ឺងម៉ាត់បំផុត ជាងពេលណាណាទាំងអស់។
ក្នុងនោះ អាជ្ញាធរសមត្ថកិច្ច ត្រូវរៀបចំឲ្យមានទីបញ្ជាការស្រាល នៅរដ្ឋបាលរាជធានីភ្នំពេញ រៀបចំទីបញ្ជាការស្រាល នៅគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រចាំការ និងបញ្ជា ព្រមទាំងត្រូវមានមុខមន្ត្រី រង់ចាំដោះស្រាយបញ្ហាបន្ទាន់ៗ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកាតទៅ ហាមមន្ត្រីរាជការ អវត្តមានពីកន្លែងធ្វើការ រួមទាំងអាជ្ញាធរដែនដីតាមខណ្ឌ និងសង្កាត់ផងដែរ៕