ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យសក្តានុពលទឹកនៃស្ទឹងសែន និងស្ទឹងស្ទោង ក្នុងខេត្តកំពង់ធំ


នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យសក្តានុពលទឹកនៃស្ទឹងសែន និងស្ទឹងស្ទោង ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៃស្ទឹងទាំង ០២ ។

នៅក្នុងការវាយតម្លៃបឋម ក្រុមការងារនឹងចាប់ផ្តើមធ្វើការសិក្សាលំអិត ដើម្បីឈានទៅ ៖
១- ស្ទឹងសែន ៖
– សាងសង់សំណង់កាត់ស្ទឹងសែន ក្នុងភូមិសាស្ត្រឃុំកំពង់គោ និងរៀបចំប្រព័ន្ធបែងចែកទឹក ដើម្បីបម្រើឱ្យការស្រោចស្រពលើផ្ទៃដី ១៥០.០០០ ហិកតា និងផ្តល់ទឹកសម្រាប់វិស័យផ្សេងៗទៀត ដូចជា ការផលិតទឹកស្អាត អេកូទេសចរ… ។
– ធ្វើអនុត្តរភាពធារាសាស្ត្រនៅចំណុចស្ទឹងស្លាប់ ដើម្បីបញ្ជូនទឹកឱ្យចូលទៅដល់ស្រែប្រជាកសិករ ។
២- ស្ទឹងស្ទោង៖
– ធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ដើម្បីឱ្យប្រព័ន្ធនេះក្លាយជាប្រព័ន្ធដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ (Complete Irrigation System) ដោយត្រូវរៀបចំបន្ថែមនូវប្រព័ន្ធប្រឡាយរង ប្រឡាយជើងក្អែប សំណង់សិល្បការតូច មធ្យម ធំ ដើម្បីបញ្ជូនទឹកឱ្យចូលដល់ស្រែរបស់ប្រជាកសិករ ៕