សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ពិភពលោក


(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២៤ អាស៊ានដែលមានសមាជិក១០ប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ហើយអាស៊ានខ្លូនឯងផ្ទាល់ ក៏បានឯកភាពគ្នាក្នុងការបង្កើតបាល់ទាត់មួយក្រុមផងដែរ ដើម្បីចូលរួមការប្រកួតនេះ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ការឯកភាពក្នុងការបង្កើតក្រុមបាល់ទាត់នេះ បានសម្រេចឡើងក្នុងកិច្ចប្រជុំអាស៊ានកន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបង្ហាញអំពីអត្តសញ្ញាណមួយរបស់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាស៊ានមានចំណុចរួមមួយ មានន័យថា ឆ្នាំ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ ពិភពលោក World Cup នេះជាអត្តសញ្ញាណរបស់អាស៊ាន ដែលទើបនឹងចុះហត្ថលេខារវាងអាស៊ាន ជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុននៅទីក្រុងបាងកក ដែលអាចចាត់ទុកថា ពេលនោះប្រទេសទាំងអស់នៅក្នុងអាស៊ាន នឹងក្លាយទៅជាកន្លែងតែមួយ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយអាចអាស៊ាន នឹងបង្កើតជា Team (ក្រុម) បាល់ទាត់មួយទៅប្រកួតជាមួយប្រទេសដ៏ទៃ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ក្រុមបាល់ទាត់របស់អាស៊ាននេះ នឹងត្រូវជ្រើសកីឡាករតាមបណ្ដាប្រទេសនីមួយៗ ដែលជាសមាជិក ហើយធ្វើការហ្វឹកហាត់រួមគ្នា ដើម្បីចូលរួមប្រកួត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីការបង្កើតក្រុមបាល់ទាត់នេះហើយ អាស៊ាននឹងបង្កើតអ្វីផ្សេងៗទៀតជាបន្ដបន្ទាប់រួមគ្នា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ពិសេសពាក់ព័ន្ធបញ្ហាលំហូរមនុស្ស លំហូរពលកម្ម ដែលបានអនុម័តនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នាពេលកន្លងទៅ ដែលនេះជាបញ្ហាសំខាន់មួយសម្រាប់អាស៊ាន។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសរំលេចទៀតថា ទីផ្សារការងារ គឺធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវការងារធ្វើ ប៉ុន្ដែនៅក្នុងពេលជាមួយគ្នានេះ ការជួញដូរមនុស្សបានកើតឡើងនៅក្នុងពេលជាមួយគ្នាតែម្ដង ដែលចំណុចនេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហានេះ៕