នៅព្រឹកថ្ងៃទី ១៨មករា នេះ ក្រោយពីបានអញ្ជើញតាមរថយន្តពីទីក្រុង Zurich មកដល់ទីក្រុង Davos ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហររដ្ឋអាមេរិក និងអ្នកវិនិយោគទុនមួយចំនួននៃទ្វីអាស៊ីដែលសរុបប្រមាណ១០០នាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសុន្ទរកថាអំពីសក្តានុពលវិនិយោគ ដែលបានផ្សាយ (LIVE) ផ្ទាល់កាលពីព្រឹកមិញនេះផងដែរ។
លោក Urs Lustenberger ប្រធានសភាពាណិជ្ជកម្មស្វីស អាស៊ី និង លោក Pierre Tami សហគ្រិនផ្នែកសង្គមពីប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។