អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមសន្និសីទអន្ដរជាតិ ស្ដីពី «គ្មានលុយសម្រាប់ភេរវករ» នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្ដាលី


(អូស្រ្ដាលី)៖ តាមការអញ្ជើញរបស់សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី, ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិ ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ២០១៩ ស្តីពី «គ្មានលុយសម្រាប់ភេរវករ» រយៈពេល២ថ្ងៃ នៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

សន្និសីទនេះ រៀបចំឡើងដោយមានអ្នកចូលរួម មកពី៦៧ប្រទេស, អង្គការអន្តរជាតិធំៗ, អង្គការសង្គមស៊ីវិល និងវិស័យឯកជនទូទាំងពិភពលោកប្រមាណជាង៥០០នាក់។
សន្និសីទនេះរៀបចំឡើង ដើម្បីផ្តល់ជាវេទិកាកម្រិតខ្ពស់មួយ សម្រាប់ឱ្យវិស័យសាធារណៈ និងវិស័យឯកជន ដែលទទួលបន្ទុកប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងភេរវកម្ម និងលើកកម្ពស់ប្រសិទ្ធភាព នៃវិធានការទប់ស្កាត់ស្វែងរក និងប្រឆាំងហិរញ្ញប្បទានភេរវកម្ម នៅថ្នាក់ជាតិថ្នាក់តំបន់ និងថ្នាក់សកល តាមរយៈការពិនិត្យលើហានិភ័យថ្មីៗ ព្រមទាំងប្រសិទ្ធភាព នៃវិធានការអនុវត្តសេចក្តីសម្រេចលេខ UNSCR 2462។

សន្និសីទប្រចាំឆ្នាំ២០១៩នេះ ពិនិត្យលើវឌ្ឍនភាព និងវិធានការនានាពាក់ព័ន្ធនឹងប្រធានបទធំៗដូចជា៖

១៖ ការគំរាមកំហែងថ្មីៗ នៃហិរញ្ញប្បទានភេរវកម្ម។
២៖ ជម្រើសជាសកលក្នុងការដោះស្រាយករណីចាប់ជម្រិតទារប្រាក់ របស់ពួកភេរវករ។
៣៖ ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។
៤៖ ហានិភ័យនៃប្រព័ន្ធទូទាត់ និងបច្ចេកវិទ្យាថ្មីៗដូចជា៖ ទ្រព្យសកម្មនិម្មិត និងប្រតិបត្តិការអនាមិក។
៥៖ តម្លាភាព និងអភិបាលកិច្ចនៃអង្គការមិនស្វែងរកប្រាក់ចំណេញ។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានចូលរួមធ្វើបទអន្តរាគមន៍ ដោយគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងយន្តការក្នុងស្រុក និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ នៅកម្រិតតំបន់ និងកម្រិតសកលលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម រួមចំណែកប្រឆាំងភេរវកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព៕