សមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល របស់អតីតបក្សសង្គ្រោះជាតិ សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន ក្រោយ សម រង្ស៉ី បោកប្រាស់មិនវិលចូលស្រុក


អតីតសកម្ម និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ របស់អតីតគណបក្សសង្គ្រោះជាតិ លោក សួង គូរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឈប់គាំទ្រគណបក្សខ្មោចមួយនេះ និងប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារគាត់ដឹងពីសណ្ដានអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលបន្ដបោកប្រាស់មិនវិលចូលស្រុកខ្មែរតាមការសន្យា។

លោក សួង គូរ បានលើកឡើងថា ដោយមើលឃើញការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជនពិតប្រាកដ និងបានខិតខំដឹកនាំប្រទេសពីបាតដៃទទេ រហូតប្រទេសមានសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញវិនិយោគពីបរទេស បង្កើត និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ទើបសម្រេចសុំចូលរួមជីវភាពនយោបាយជាមួយតែម្ដង។

អតីតអ្នកគាំទ្រទណ្ឌិត សម រង្ស៉ី រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទសុំចូលរួមជាមួយគណបក្សប្រជាជនវិញ ក្រោយខ្ញុំមើលឃើញទណ្ឌិត សម រង្ស៉ី បានធ្វើឲ្យសកម្មជនទាំងអស់អស់ជំនឿ ខ្លះជាប់គុក ខ្លះរត់ទៅក្រៅប្រទេស ត្រង់នេះហើយជាទង្វើអាក្រក់មួយ។ ម្យ៉ាងវិញទៀត គាត់បានប្រកាសឲ្យ កងកម្លាំងប្រដាប់អាវុធផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នេះជាទង្វើមួយខុសច្បាប់ទាំងស្រុង ហើយគាត់បានមើលងាយព្រះមហាក្សត្រ ដែលខុសនឹងច្បាប់រដ្ឋ ហើយគាត់បានប្រកាសថា នឹងវិលចូលស្រុកថ្ងៃទី០៩ ម្ដងថាថ្ងៃនេះ ម្ដងថ្ងៃនោះ ត្រង់នឹងហើយដែលខ្ញុំអស់ជំនឿលើគាត់»

លោកក៏បានអំពាវនាវ ដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្សេងៗទៀត ឈប់ចាញ់បោកពួកឧទ្ទាមសម រង្ស៊ី និងសូមមកចូលរួមរស់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សខ្មោចមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕