ភ្ញៀវជាតិ-អន្តរជាតិជិត២ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តរតនគិរី ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក


(រតនគិរី)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានបញ្ជាក់ប្រាប់ភ្នាក់ងារ ឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានភ្ញៀវជាតិ-អន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីមាន១៩,៥៤២នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា មានកត្តា៥យ៉ាង ដែលធ្វើឲ្យលំហូរភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកម្សាន្តក្នុងខេត្តរតនគិរី នាឱកាសបុណ្យធំៗ៖

ទី១៖ កត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាព និងសុវត្ថិភាពទេ ប្រាកដណាស់ថា នឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកម្សាន្តនោះទេ។
ទី២៖ កត្តាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បានតភ្ជាប់មកខេត្តរនគិរី មានភាពងាយស្រួល។
ទី៣៖ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេ គឺគាត់មិនអាចដើរលេងបានទេ។
ទី៤៖ កត្តាពេលវេលា បើគ្មានពេលវេលាឈប់សំរាករយៈពេលវែង ឬរយៈពេលខ្លីណាមួយនោះទេ ក៏ពួកគាត់មិនដើរលេងនោះដែរ
ទី៥៖ កត្តាសក្តានុពលទេសចរណ៍ ខេត្តរតនគិរី មានតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ចំនួន១៤កន្លែង ជាពិសេសរមណីយដ្ឋានបឹងយក្សឡោម, ដែលជារមណីយដ្ឋានមួយ មានការទាក់ទាញបំផុតសំរាប់ភ្ញៀវជាតិ-អន្តរជាតិ។

លោកថា កត្តាទាំង៥នេះ បានធ្វើឲ្យវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី មានរីកចំរើនគួរឲ្យមោទនាភាព រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈកំណើនភ្ញៀវទេសចរ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងរយៈពេល៣ថ្ងៃ នៃការឈប់សំរាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩នេះ តាមរមណីយដ្ឋាននានាមានភ្ញៀវទេសចរ មកទស្សនាចំនួន១៩,៥៤២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន១៩,២១១នាក់ និងភ្ញៀទេសចរអន្តរជាតិមាន៣៣១នាក់។

លោក ង៉ែត ពិទូ បញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងារចុះអប់រំណែនាំ អំពីអនាម័យ និងមិនឲ្យមានការដំឡើងថ្លៃនោះទេ។ ប៉ន្តែលោកក៏ទទួលស្គាល់ដែរថា មានសេវាកម្មម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់បានដំឡើងថ្លៃលើសការកំណត់ របស់មន្ទីរបន្តិចបន្តួច។

ដោយឡែកសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជូនភ្ញៀវជាតិ-អន្តរជាតិនោះ ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានប្រាប់ភ្នាក់ងារ Fres News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មិនមានអ្វីកើតឡើងនោះទេ ដោយកម្លាំងនគរបាលសហការជាមួយកម្លាំងអាវុធហត្ថ រក្សាសុវត្ថិភាពការស្នាក់នៅ ការកម្សាន្តតាមរមណីយដ្ឋាននានា មិនឲ្យមានបាតុភាពអ្វីកើតឡើងឡើយ៕