កំពង់ចាម: ដេីម្បីរិះរកវិធីដោះស្រាយលេីបញ្ហាគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងជារេីយៗ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតដីច្រាំងទន្លេមួយកន្លែង ដែលមានប្រវែងប្រមាណជា១០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បណ្តាលឲ្យប៉ះពាល់ដល់អគារប៉ុស្តិ៍រដ្ឋបាលនេះផងដែរ។
ជាមួយនឹងការចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតដីច្រាំងទន្លេ ដោយកត្តាគ្រោះធម្មជាតិនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដាក់ចេញនូវផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវ ដេីម្បីឈានទៅដល់បង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខឲ្យទាន់ពេលវេលាផងដែរ។
ដោយឡែកនាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានអមដំណើរ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដេីម្បីធ្វើការពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ ផងដែរ។