រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមពិធីចែកកង់ចំនួន៤០០គ្រឿង ក្នុងខេត្តត្បូងឃ្មុំ


ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកម្ពស់ដល់ប្អូនៗកុមារ ព្រោះប្អូនៗជាទំពាងស្នងឫស្សី នឹងជាសសរទ្រូងសម្រាប់ ប្រទេសជាតិយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងជម្រុញយកចិត្តទុកដាក់លើវិស័យអប់រំនេះ ដើម្បីឲ្យកម្ពុជាជាប្រទេស មានធនធានមនុស្ស ប្រកបដោយសក្តានុពល ដើម្បីជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន ឥតឈបឈរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈឯកឧត្តម ចូលរួមនៅក្នុង ពិធីចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការក្រៅ រាជរដ្ឋាភិបាលជប៉ុន ជូនដល់ សិស្សានុសិស្សក្រីក្រ និងកុមារកំព្រា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមឲ្យដឹងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរារដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ និយាយរួម និងនិយាយដោយឡែក ស្ថានភាពនៃការវិវត្តន៍ទៅមុខរបស់ស្រុកមេមត់ ក៏មានការប្រែប្រួលរីកចម្រើន ជាបន្តបន្ទាប់ឥតឈប់ឈរផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ វឌ្ឍនៈភាពនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់រួមចំណែក ពីសំណាក់ថ្នាក់ដឹកនាំ និងពីគ្រប់កោសិកាសង្គមដែលរួមមានស្ថាប័ននានា របស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន និងការចូលរួមរបស់ប្រជាជន ផងដែរ ។

បន្ថែមឲ្យពីលើនេះ ឯកឧត្តម វង សូត ប្រទេសជប៉ុនគឺជា ដៃគូរសំខាន់មួយ ជាពិសេសអង្គការក្រៅរាជរដ្ឋាភិបាល កុកឹសៃនេះ ជាដើម គឺបានចូលរួមចំណែកជា បន្តបន្ទាប់ ក្នុ្ងងការផ្តល់ជាសម្ភារៈផ្សេងៗ ជួយមកដល់កុមារកំព្រាកម្ពុជា។ ជាក់ស្តែងនៅ ពេលនេះអង្គការ បានផ្តល់កង់ចំនួន៤០០គ្រឿង ជូនដល់កុមារកំព្រារ កុមារទីទ័លក្រ កុមារងាយរងគ្រោះ នៅតាមសហគមន៍ ដែលជាឱកាសយ៉ាង ល្អប្រសើរ ដើម្បីជួយដល់កុមារ ទាំងនោះឲ្យមានលទ្ធភាពបន្តក្នុងការស្វែងរកចំណេះដឹងបន្ថែមឬការ ប្រកបមុខរបរផ្សេងៗជាដើម ។

ទាក់ទិននឹងការផ្តល់កង់ចំនួន៤០០គ្រឿងជូនដល់កុមារនៅពេលនេះ លោក ម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការកុកិសៃ ខេជេអូ បានលើកឡើងឲ្យដឹងថា នេះជាលើកទី៥២ហើយ ដែលអង្គការ កុកិសៃ បានផ្តល់កង់ជូនដល់មជ្ឈមណ្ឌលកុមារកំព្រារនឹងតាមបណ្តា សហគមន៍ក្រីក្រផ្សេងៗ សរុបកង់ ទាំងអស់ចំនួន ២ម៉ឺនគ្រឿងហើយ សម្រាប់ការអនុវត្តន៍គម្រោង ចាប់តាំងពីឆ្នាំ២០០៩ មកដល់ពេល បច្ចុប្បន្ន ហើយសម្រាប់ពេលនេះផងដែរ គឺអង្គការបានផ្តល់កង់ចំនួន៤០០គ្រឿង បន្ថែមទៀត ដើម្បីឲ្យកុមារនៅក្នុងស្រុកទាំងពីរនេះ ទទួលបានឱកាសកាន់តែប្រសើរផងដែរ។

លោកប្រធានអង្គការ បានសំណូមពរឲ្យប្អូនៗ ដែលទទួលបាន កង់នៅក្នុងថ្ងៃនេះ ត្រូវរក្សាកង់ឲ្យបានល្អ ព្រោះវាផ្តល់សារៈសំខាន់ ដល់ប្អូនៗ ក្នុងការធ្វើដំណើរទៅកាន់ ទីកន្លែងផ្សេងៗ  និងត្រូវជិះគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ករកុំឲ្យមានគ្រោះថ្នាក់ ផ្សេងៗកើតមានឡើង និងសូមឲ្យប្អូនៗត្រូវខិតខំរៀនសូត្រឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាមនុស្ស ល្អក្នុងសង្គមនឹងជាទំពាង ស្នងឫស្សីពិតប្រាកដ៕