ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧


នៅថ្ងៃទី១៧ ខែមករា គ.ស.២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ដែលមានសមាជិកចូលរួមសរុបចំនួន ៨០០រូប ។ អង្គសន្និបាតបានឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៦ របស់ក្រសួង និងទិសដៅការងារឆ្នាំ២០១៧ មានជាអាទិ៍៖ ១/.បន្តពង្រឹងប្រសិទ្ធិភាពនៃការផ្ដល់សេវាសុរិយោដី និងសំណង់ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសអនុត្តតាមអភិក្រមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព” ២/.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការក្នុងការប្រមូលចំណូលចូលថវិកាជាតិបានជិត ៧២លានដុល្លារ ក្នុងឆ្នាំ២០១៦ និងបន្តពង្រឹងកិច្ចការនេះបន្តទៀត ៣/. បន្តពន្លឿនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដែលបច្ចុប្បន្ន សម្រេចបាន ៦៣,៦% នៃក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៧លានក្បាលដី ដោយធ្វើការប្រកាសតំបន់វិនិច្ឆ័យតាមភូមិ និងចុះបញ្ជីចែកប័ណ្ណកម្មសិទ្ធិដល់ខ្នងផ្ទះប្រជាពលរដ្ឋ ៤/. បន្តដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ប្រមាណ ១០% ស្មើនឹង ៧០០ករណីវិវាទ ឱ្យកាន់តែសកម្ម ដើម្បីធានាភាពសុខដុមរមនីយកម្ម ក្នុងសង្គម ៥/. បន្តជំរុញការអភិវឌ្ឍវិស័យសំណង់ដែលទុនវិនិយោគនៅឆ្នាំ២០១៦ កើនដល់ ៨៥០០លានដុល្លារ កើនឡើង ជិន ១៥៥% ធៀននឹងឆ្នាំ២០១៥ ផ្ដល់ការងារធ្វើប្រមាណ ២០០,០០០នាក់ ក្នុងមួយថ្ងៃ ដើម្បីពង្រឹងភាពរឹងមាំនៃវិស័យសំណង់ ដែលជាសរសរស្ដម្ភមួយក្នុងចំណោមសរសរស្ដម្ភទាំងបួនទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យកសិកម្ម ទេសចរណ៍ និងវាយនភ័ណ្ឌ ៦/. បន្តពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ និងដាក់ចេញនូវវិធានការទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ ៧/. បន្តការពារដីចំណីឆ្នេរ សាងសង់ខ្លោងទ្វារច្រកចូលឆ្នេរ និងកែលម្អឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០គីឡូម៉ែត ឱ្យសក្ដិសមនឹងកេរ្តិ៍ឈ្មោះ ជាឆ្នេរស្អាតបំផុតលើពិភពលោក ព្រមទាំងជំរុញសមាហរណកម្មយុទ្ធសាស្រ្តលើកកំពស់ការអភិវឌ្ឍបៃតង និងការបង្កាទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ៨/. បន្តផ្ដល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាលនៅតាមព្រំដែន និង៩/.បន្តពង្រឹង និងការពង្រីកភាពភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីសាងសង់លំនៅឋានមានតម្លៃសមរម្យ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋដេលមានចំណូលទាប មធ្យម និជនងាយរងគ្រោះ ៕