សម្តេច សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Francisco Vaz Patto ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេស ព័រទុយហ្គាល់ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Francisco Vaz Patto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋព័រទុយហ្គាល់ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមទើបត្រួវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអបអរសារទរ និងស្វាគមន៍ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា។ សម្តេច ជឿជាក់ថាឯកឧត្តមឯកអគ្គរដ្ឋទូត និងខិតខំរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបសម្តេចផ្ទាល់ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីផលប្រយោជន៍ ប្រជាជន និងប្រទេសយើងទាំង២។
ឯកឧត្តមឯកអគ្គរដ្ឋទួត បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ក្នុងការដែលអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ឯកឧត្តម បានថ្លែងជូនពរសម្តេចប្រធាន និងសមាជិក សមាជិកា ព្រឹទ្ធសភាទាំងអស់ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល២០១៧នេះ ហើយព្រមជាមួយនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជំរាបពីការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំង២ កាន់តែរីកចំរើន និងជិតស្និទ្ធតទៅទៀត ហើយឯកឧត្តម ក៏បានបញ្ជាក់ថា និងខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រុវខ្ពស់ រហូតចប់អាណតិ្ត។
សម្តេចប្រធានព្រឹទ្ធសភា ប្រសិទ្ធពរ សូមឲ្យឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម៕