នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការយោធភូមិភាគពិសេស ក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស រាយការណ៍អំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់អង្គភាពរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីទាំងមូលអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា តាមរយៈការជំរុញឱ្យក្រសួងបរិស្ថានបន្តធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពការងារ សំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់។