ឯកឧត្ដម សាយ សំអាល់ អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់នាយទាហាន


នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ធ្វើ​បាឋកថា​ចែក​រំលែក​បទពិសោធ​ការងារ​គ្រប់​គ្រង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៅទី​បញ្ជាការ​យោធភូមិភាគ​ពិសេស​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជ​ធានី​ភ្នំពេញ​។ បន្ទាប់​ពី​ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក​ ព្រហ្ម​ ឌិន​ មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ និង​ជាមេ​បញ្ជាការ​យោធភូមិភាគ​ពិសេស​ ​រាយការណ៍​អំពី​ស្ថានភាព​ ​និង​វឌ្ឍនភាព​ការងារ​របស់​អង្គភាព​រួចមក​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធីទាំងមូលអំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់​គ្រង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នៅកម្ពុជា​ តាម​រយៈ​ការ​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន​បន្តធ្វើ​ទំនើបកម្មស្ថាប័ន ដើម្បី​ប្រសិទ្ធភាព​ការងារ​ សំដៅធានាបាននូវ​គុណភាព​បរិស្ថាន​ តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ភាព​សុខដុមរមនា​របស់ប្រជាជនកម្ពុជាគ្រប់ជំនាន់។