នៅថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួង អនុប្រធាននាយកដ្ឋាន ពីនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង មន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តកំពង់ធំ និងជំនាញការរបស់គម្រោងកសាងប្រព័ន្ធប្រឡាយជើងក្អែបដោយសាច់ប្រាក់ពលកម្មប្រចាំក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀតអមដំណើរ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម និងអស់លោកជាថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនរូបទៀត ចុះធ្វើការពិនិត្យប្រព័ន្ធប្រឡាយជើងក្អែប ស្ថិតក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្ត ទំនប់ម្កាក់ ស្ថិតក្នុងឃុំគោកថ្លូកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប SRP-CfW-B-18-006 និងប្រព័ន្ធប្រឡាយជើងក្អែប ក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ CfW-B-18-016,017។
ឯកឧត្តម វង្សី វិស្សុត និងគណៈប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល បានកោតសរសើដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំសហការណ៍យ៉ាងជិតស្និតនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការអនុវត្ត និតិវិធីហិរញ្ញវត្ថុ ជាធរមាន ធ្វើការកសាងប្រព័នប្រឡាយជើងក្អែបនេះឡើងប្រកបដោយភាពជោគជ័យ នាំទឹកបញ្ចូលដល់ស្រែធ្វើការបង្កើនជាអតិបរមានៅការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ទទួលបានផលច្រើន។
ម្យ៉ាងទៀតក្រសួងធនធានទឹក និងឧតុនិយម បានលើកផែនការជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងប្រព័ន្ធប្រឡាយជើងក្អែបនេះក្នុងប្រវែង ១១៤០ គម ហើយរហូតដល់ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់រយៈពេលខ្លីសោះ តែធ្វើការកសាងបានប្រព័ន្ធប្រឡាយជើងក្អែបសម្រេច បានចំងាយ ៧៨៦,៦ គម រួចជាស្រេច។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏នៅបានដាក់ផែនការបំពាក់នូវម៉ូតទ័រ ប្រើចរន្តអគ្គីសនី ចំនួន ៤១ កន្លែង សម្រាប់ធ្វើការបូមទឹកពីប្រឡាយមេដាក់បញ្ចូលប្រព័ន្ធប្រឡាយជើងក្អែប។ ក្រាន់តែមក ដល់ពេលនេះ តំបន់ដែនបានអនុវត្តគម្រោងប្រព័ន្ធប្រឡាយជើងក្អែបទាំងអស់នេះ គឺស្ថិតក្នុងតំបន់ដែលប្រើប្រាស់ទឹកចេញពីប្រភពសុទ្ធតែដោយបង្ហូរធម្មជាតិទាំងអស់ Gravity។
ក្នុងពេលនោះផងដែរ ឯកឧត្តមគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងបង្កើនថវិកាគម្រោងថវិកាធ្វើការពង្រីទៅកាន់ខេត្តគោលដៅអនុវត្តគម្រោងឲ្យកាន់តែធំៗ ទៅនៅក្នុងជំហានទី២។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើការបង្កើនថវិកា ដើម្បីថែទាំប្រភពទឹកគ្រប់ខ្នាតទាំងអស់ រួមទាំងត្រពាំងទឹក ស្រះទឹក ធំ មធ្យម និងតូច គ្រប់ប្រភេទទាំងអស់ បង្កើនថវិកាថែទាំ បឹងបួរដែលជាប្រភពទឹកបំពេញឲ្យប្រព័ន្ធប្រឡាយជើងក្អែបក្នុងរដូវប្រាំង។
ការអញ្ជើញចុះរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ ដើម្បីអមដំណើរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបណ្តាតំបន់អនុវត្តគម្រោង ខាងលើបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាលក្រៃលែង និងសហប្រតិបត្តិការណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឯកភាពអនុវត្តដោយរលូន។