ក្រសួងបរិស្ថាន រដ្ឋបាលសាលារាជធានី ភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាប្រារព្ធកម្មវិធី «ភ្នំពេញ ទីក្រុងស្អាតរៀបចំឡើងដោយជនជាតិជប៉ុនលើកទី២»


ប្រជាពលរដ្ឋខ្មែរនិងជប៉ុនប្រមាណជាង ១៣០០នាក់ដែលមកពីស្ថាប័នរដ្ឋ និងឯកជនបានចូលរួមកម្មវិធី «ភ្នំពេញ ទីក្រុងស្អាតរៀបចំឡើងដោយជនជាតិជប៉ុនលើកទី២» សហការរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលសាលារាជធានី ភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាប្រារព្ធធ្វើឡើងសួនច្បារមាត់ទន្លេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ កម្មវិធីភ្នំពេញ ទីក្រុងស្អាតនេះ មានការចូលរួមអធិបតីពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានសូមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធី «ភ្នំពេញ ទីក្រុងស្អាត»ដែលបង្កើតជាឱកាសជួបជុំមួយក្នុងចំណោមអ្នកស្រ ឡាញ់បរិស្ថានដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន សម្អាតទីក្រុង។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «នេះគឺជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បណ្តុះស្មារតីស្រឡាញ់បរិស្ថាននៅក្នុងចំណោមប្រជាពលរដ្ឋ និងចូលរួមសម្អាតអនាម័យ បរិស្ថានទីក្រុងរបស់យើង ក៏ដូចជាជំរុញចលនាសម្អាតទីក្រុងធ្វើយ៉ាងណាឱ្យទីក្រុងយើងកាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងប្រកបដោយផាសុក
ភាពសម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូរពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកដោយជៀសវាង ឬបញ្ឈប់ការ ប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើតែម្តងបោះចោលដូចជាបំពង់បឺតទឹកជ័រ ចានស្លាបព្រាជ័យ ស្នោរ និង កែវជ័យជាដើមដោយងាកមកប្រើប្រាស់ផលិតផលដែលមានមេត្រីភាពបរិស្ថាន។

នៅក្នុងកម្មវិធីភ្នំពេញ ទីក្រុងស្អាតរៀបចំដោយជនជាតិជប៉ុនលើកទី២ នេះ អ្នកចូលរួមប្រកប
ដោយតំបៀត និងថង់បានដើររើសសំណល់សំរាម ដែលត្រូវបានបោះចោលរាយប៉ាយតាមសួនច្បារ ដែលជនមួយចំនួនតូចបានបោះចោលឥតសណ្តាប់ធ្នាប់ និងបានដើរសម្អាតតាមឆ្នេរទន្លេផងដែរ។ ទាំងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ សុទ្ធតែវាយតម្លៃខ្ពស់ពីកិច្ចសាមគ្គីភាពរវាងបងប្អូនជនជាតិខ្មែរ និងជនជាតិជប៉ុនក្នុងការសហការសម្អាតអនាម័យបរិស្ថាន។