ខេត្តតាកែវថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ –កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅនៅសាលមហោស្រពខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ កន្លងមក និង ទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និងមានការចូលរួមពីមន្រ្តីរាជការ ស្ថាប័ន អង្គភាព ដែលចំណុះរដ្ឋបាលខេត្ត តាកែវ។
នៅក្នុងពិធីបើកសន្និបាតនេះ ឯកឧត្តម ឡាយ វណ្ណៈ បានចាត់ទុកសន្និបាតនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅវាយតម្លៃ គ្រប់សមិទ្ធផលដែលរដ្ឋបាលខេត្តតាកែវ សម្រេចបាន ហើយក៏មានការពិភាក្សាគ្នា រកឱ្យឃើញនូវចំណុចខ្លាំងចំណុចខ្សោយនិងបញ្ហា ប្រឈមនានាដែលកើតមានឡើងកន្លងមក។ ដើម្បីរិះរក ដំណោះស្រាយកែលម្អឡើងវិញ និង រៀបចំផែនការទទួលខុសត្រូវជាក់លាក់តាម ផ្នែកនីមួយៗរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនិងគ្រប់ សមត្ថកិច្ចដែលមានការពាក់ព័ន្ធ ។ ក្នុងការអនុវត្តនៅឆ្នាំ២០១៧ ក៏ដូចជាបណ្តាឆ្នាំ ខាងមុខ ដើម្បីចូលរួមសម្រេចឱ្យបានស្របទៅតាមផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៥ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០១៦ កន្លងមកនេះមានកិច្ចការ សំខាន់ៗជាច្រើនដែល យើងទាំងអស់គ្នាសម្រេចបាន ។ ជោគជ័យទាំងអស់នេះពិតជាមិនអាច កើតមានឡើងបានទេ បើគ្មានការ ខិតខំប្រឹងប្រែងប្រកបដោយមនសិការនិងឆន្ទៈខ្ពស់របស់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់។ រដ្ឋបាលខេត្តតាកែវរំពឹង ថា ភាពជោគជ័យដ៏ត្រចះត្រចង់នឹងបន្តកើតមាន តទៅទៀតនៅក្នុង ឆ្នាំ២០១៧នេះ និងបណ្តា ឆ្នាំបន្តបន្ទាប់ខាងមុខ។ ម្យ៉ាងទៀតភាពជោគជ័យនេះ នឹងនាំឱ្យខេត្តតាកែវ កាន់ តែមានការ អភិវឌ្ឍរីកចម្រើនឥតឈប់ឈរជាពិសេសនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់ រស់នៅក្នុងភាពសម្បូរសប្បាយផងដែរ៕