សម្តេចតេជោ ហ៊ុន សែន ជួបនាយិកាធនាគារអាមេរិកប្រចាំហុងកុង


នៅព្រឹកថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នេះ ក្នុងពេលស្នាក់អាស្រ័យបំពេញការងារ នៅទីក្រុង Davos ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញត្តិអោយ លោកស្រី Margaret Ren នាយិកាប្រចាំប្រទេសនៃធនាគារអាមេរិក (Bank of America) ប្រចាំហុងកុង បានចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ នៅសណ្ឋាគារដែល សម្តេចតេជោ កំពុងស្នាក់នៅក្នុងទីក្រុង Davos។
លោកស្រី Margaret Ren មានការអារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ពិសេសលើគម្រោង ខ្សែក្រវ៉ាត់ មួយផ្លូវមួយ។ លោកស្រីនឹងជួយជំរុញក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍ប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយដើម្បីមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ នៅក្នុងខែឧសភាឆ្នាំ២០១៧នេះ នឹងមានកិច្ចប្រជុំពាក់ ព័ន្ធនឹងយន្តការខ្សែក្រវ៉ាត់មួយផ្លូវមួយ តាមរយេះកិច្ចប្រជុំនោះ លោកស្រីនឹងខិតខំជួយជំរុញអ្នកវិនិយោគទុន ចុះមកធ្វើការសិក្សាដើម្បីពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យថាមពល សំណង់ និងវិស័យ ហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ គឺមានក្រុមហ៊ុនអាមេរិកដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital) លើវិស័យកសិកម្ម ក្នុងការសិក្សាដី និងទឹក។ ក្រុមហ៊ុននោះនឹងចុះមកសិក្សាមុនគេក្នុងប្រទេសកម្ពុជានលើការប្រើប្រាស់បច្ចេកវិទ្យា កសិកម្មដ៏ទំនើបនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះគំនិតយោបល់ដ៏ល្អរបស់លោកស្រី Margaret និង ស្វាគមន៍ចំពោះ ក្រុមហ៊ុនវិនិយោគធំៗដែលចាប់អារម្មណ៍ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបើកទ្វារស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី។ កន្លងមកកម្ពុជាបានប្រើប្រាស់នូវមូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយក្នុង ការអនុវត្តនូវគំរោងមួយចំនួនដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងដំណើរនៃគំរោងសាងសង់ និងការវិនិយោគ ដូចជា គំរោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងគំរោងវិនិយោគជាច្រើនទៀត​។​ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកស្រីនាយិកាទៅចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តី ពីអាស៊ាននៅប្រទេសក្នុងខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។