ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជួបអគ្គលេខាធិកាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា


(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួប លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកស្រីចូលកាន់តំណែងជាអគ្គលេខាធិការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មក។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមក្រសួងការបរទេស, ទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនដ៏សំខាន់មួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលលោកស្រីនឹងអញ្ជើញចូលរួមផងដែរ។

អំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកស្រីអគ្គលេខាធិការ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជួបសម្តែងការគួរសមចំពោះ សម្តេចជោ ហ៊ុន សែន។ លោកស្រីក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញទៅកាន់ខេត្តសៀមរាបផងដែរ។ លោកស្រីអគ្គលេខាធិការ នឹងទទួលស្វាគមន៍ដោយអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និងអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរ។ លោកស្រីក៏នឹងចូលរួមក្នុងសិក្ខាសាលាតំបន់ស្តីពីសកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CREFAP) និងក្រសួងអប់រំ យុវជន និង កីឡា ផងដែរ និងទស្សនាថ្នាក់រៀនពីរភាសា នៃសាលាបឋមសិក្សាវត្តបូផងដែរ។

សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ន អង្គការ OIF បានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ និងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន ៥៤ មិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ចំនួន ២៧)៕