ប្រជាពលរដ្ឋឃុំភ្នំសំពៅ ខេត្តបាត់ដំបង សប្បាយរីករាយបន្ទាប់ពីក្រុមការងារថ្នាក់ជាតិ ជួយជួសជុលផ្លូវលំ សម្រាប់ទុកប្រើប្រាស់សាធារណៈ ក្នុងមូលដ្ឋានឃុំ


(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន្តក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅស្រុកបាណន់ បានផ្តល់ដីថ្មចំនួន១,០២០ឡាន សម្រាប់ជួសជុលផ្លូវលំ ក្នុងភូមិប្រវែង១០,៥​គីឡូម៉ែត្រ តាមសំណូមពរប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈជុំទី២កន្លងទៅ។

ពិធីបើកការដ្ឋានជួសជុលផ្លូវលំនេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមក្រពើជើង និងក្រពើត្បូងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមូលដ្ឋានឃុំ ប្រជាពលរដ្ឋចំនួន២ភូមិ ចូលរួមចំនួន២០០គ្រួសារ។

លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ ពីថ្នាក់ដឹកនាំកំពូល និងថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ និងយោងតាមសេចក្តីត្រូវការ សំណូមពរពលរដ្ឋមូលដ្ឋាន ដោយតាមរយៈការចុះធ្វើវេទិកាសាធារណៈជុំទី២ កន្លងថ្មីៗនេះមក លោកបានដឹកនាំក្រុមការងារចុះ បើកការដ្ឋានជួសជុលផ្លូវលំនេះ។

លោកបានផ្តល់ដីថ្ម ចំនួន១,០២០ឡាន ក្នុងនោះ ពលរដ្ឋក្នុងភូមិ បានចូលបដិភាគដី៦០ឡានផងដែរ សម្រាប់ជួសជុលផ្លូវលំ ក្នុងភូមិប្រវែង១០,៥​គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយ២ភូមិ ត្រង់ចំណុចភូមិក្រពើជើង និងភូមិក្រពើត្បូង ឃុំភ្នំសំពៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោក ហែម ថេង បានបញ្ជាក់ថា រាល់បញ្ហាកង្វល់ សំណូមពរផ្សេងៗ របស់ពលរដ្ឋ គឺក្រុមការងារតែងតែ ចុះជួយដោះស្រាយជាបន្ទាន់ ជូនពួកគាត់បានទាន់ពេលវេលា មិនដែលអាក់ខានម្តងណាឡើយ ព្រមទាំងជួយកសាងសមិទ្ធិផល និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងមូលដ្ឋានឃុំ មានការរីកចំរើនជាលំដាប់រហូតមក។

លោកប្រធានក្រុមការងារ បានបន្តថា រាល់សំណូមពររបស់ពលរដ្ឋ ដែលនៅសេសសល់ក្រុមការងារយើង នឹងបន្តធ្វើការដោះស្រាយ នៅពេលក្រោយបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារថ្នាក់ជាតិ បានវត្ថុកម្តរដៃជាសារ៉ុង១ក្នុងម្នាក់ផងដែរ។

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ជាតិ គ្រប់ជាន់ថ្នាក់តែងតែដឹងសុខទុក្ខប្រជាពលរដ្ឋ និងជួយដោះស្រាយដល់គាត់ នៅក្នុងមូលដ្ឋានជានិច្ចមិនដែលខានឡើយ៕