គណៈប្រតិភូសហព័ន្ធអតីតយុទ្ធជនអាស៊ាន អញ្ជើញមកដល់ប្រទេសកម្ពុជា ត្រៀមចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃស្អែកនេះ


គណៈប្រតិភូសហព័ន្ធអតីតយុទ្ធជនអាស៊ាន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិការលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការអញ្ជើញដល់របស់គណៈប្រតិភូសហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់ជាទីបំផុតពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ក្រៅពីការទទួលស្វាគមន៍ហើយនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងកិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់ក្នុងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ឱ្យកាន់តែល្អប្រសើរក្នុងប្រយោជន៍ជួយដល់អតីតយុទ្ធជននៃបណ្តាប្រទេសនីមួយៗ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ផងដែរថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។

សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។

លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕