(កំពង់ចាម)៖ នៅក្នុងទិវាអបអរអន្តរជាតិអ្នកស្ម័គ្រចិត្ត ដែលបានប្រារព្ធធ្វើនៅស្នាក់ការកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តបំរើការងារ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាមទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ ដើម្បីបម្រើជាប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា នាព្រឹកនេះពោរពេញទៅដោយភាពកក់ក្តៅពីវត្តមានសម្រាប់តំណាង អ្នកស្ម័គ្រចិត្តទាំង ១០ក្រុងស្រុក ដែលមានវត្តមាន៩៨នាក់ បានចែករំលែក បង្ហាញនូវសក្ខីកម្ម នៃការខិតខំប្រឹងប្រែង ដើម្បីកិត្តិនាម និងកិត្តិសព្ទរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ក៏ដូចជា បានចូលរួមចំណែកកាត់បន្ថយទុក្ខលំបាកវេទនា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលទន្ទឹងរង់ចាំឲ្យជួយជារៀងរាល់ថ្ងៃ។
ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា រយៈពេល ១ឆ្នាំកន្លងមកនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានខិតខំយកចិត្តទុកដាក់អនុវត្តលើវិស័យស្នូលទាំង ៤របស់កាក បាទក្រហមកម្ពុជារួមទាំងការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរមក លើលំនៅដ្ឋាន និងប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាស្រុកមួយចំនួន។
ប៉ុន្តែដោយការរួបរួមគ្នា យើងបានប្រមូលកម្លាំងមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ជាក់ស្តែងសាខាខេត្ត បានផ្ដល់ក្ដឿងសង្គ្រោះបន្ទាន់ដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យខ្យល់កន្ត្រាក់ ច្រាំងបាក់គ្រសារចាស់ជរា ជនពិការជួបការលំបាក ស្រ្តីមេម៉ាយកូនច្រើន គ្រួសារជនពិការ អ្នកជំងឺអេដស៍ គ្រួសារកងទ័ព គ្រួសារជនពលី ចូលបុណ្យសព និងគ្រួសារមានជំងឺធ្ងន់ ធ្ងរ..។ល។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយកិត្តិបណ្ឌិត ដើម្បីលើកកម្ពស់ជីវភាពរស់នៅសុខុមាភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈតម្លៃមនុស្សធម៌បានកាន់តែប្រសើរឡើងជាបន្តបន្ទាប់នេះផងដែរ៕