អូរ និងប្រឡាយ ៥ខ្សែក្នុងខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញ គ្រោងចំណាយថវិកាប្រមាណ ២,៥លានដុល្លា


(ព្រះសីហនុ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញើញជាអធិបតីបើកការដ្ឋានការងារស្តារអូរ និងប្រឡាយទាំង ៥ខ្សែនៅខេត្តព្រះសីហនុ មានដូចជា អូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ ដោយគ្រោងចំណាយថវិកាប្រមាណ ១០ពាន់លានរៀល ស្មើនឹង២,៥លានដុល្លារ។

ពិធីបើការដ្ឋាននេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ, ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរដែនដី ក្រុមជំនាញការ និងភាគីពាក់ព័ន្ធផងដែរ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួល រងការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្សេងទៀត។

 ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកា សន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវអនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹក ភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

 ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីការពង្រីកកំពង់ផែទឹកជ្រៅអាចដឹកជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូលធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការកសាងពង្រីក ព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បីបម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងដាក់ឱ្យដំណើរការនៅចុង ឆ្នាំ២០២២ខាងមុខ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាលអាចទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ ចំនួន៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍បាន។

សូមជម្រាបជូនថា៖ នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤៧, ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាលកំពុងគិតគូរលើវិធាន ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដោយយកចិត្តទុកដាក់បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕