ចិន-អាស៊ានបង្កើតបណ្តាញសាកលវិទ្យាល័យរួមគ្នា ខណៈកម្ពុជារំពឹងខ្ពស់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការនេះ


(ស្វាយរៀង)៖ រដ្ឋាភិបាលចិន និងបណ្ដាប្រទេសក្នុងអាស៊ាន បានរួមគ្នាបង្កើតបណ្តាញសាកលវិទ្យាល័យចិន-អាស៊ាន (ACNET-EngTech) ដើម្បីបង្កើនការលើកកម្ពស់ និងពង្រឹងគុណភាពបណ្ដុះបណ្ដាល ក៏ដូចជាជួយគ្នាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ស្របតាមបរិបទបដិវត្តឧស្សាហកម្ម ៤.០។

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន-ចិន ត្រូវបានធ្វើឡើងជាលើកទី៥ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ខណៈសាកលវិទ្យាល័យស្វាយរៀងក៏ជាសមាជិករបស់ ACNET-EngTech នេះផងដែរ។ កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥នេះ និងមានការចូលរួមពីតំណាងសាកលវិទ្យាល័យចំនួន ១៣ ដែលជាសមាជិកបណ្តាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន-ចិន ក្នុងនោះរួមមានសាកលវិទ្យាល័យ ដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ៧ សាកលវិទ្យាល័យបណ្តាប្រទេសអាស៊ានចំនួន ៦ និងមានការចូលរួមពីតំណាងស្ថាប័ន គ្រឹះស្ថាននានា ថ្នាក់ដឹកនាំ មន្រ្តីអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងសរុបចំនួនចំនួន ៣០០នាក់ ចូលរួមក្នុងឱកាសនេះផងដែរ។

ឯកឧត្តម ម៉ែន វិបុល បានលើកឡើងថា ការបង្កើតឲ្យមានបណ្ដាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន-ចិននេះ មិនត្រឹមតែមានសារៈសំខាន់ក្នុងក្របខណ្ឌនៃការលើកកម្ពស់ និងពង្រឹងគុណភាពបណ្ដុះបណ្ដាលរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ជួយជ្រោមជ្រែងដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀង តាមរយៈការបណ្ដុះបណ្ដាលបាននូវធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ស្របតាមតម្រូវការចាំបាច់ជាក់ស្ដែងក្នុងបរិបទបដិវត្តឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ សម្ពន្ធឧត្តមភាពនៃសាកលវិទ្យាល័យចិន (E9) និងសាកលវិទ្យាល័យអាស៊ានចំនួន៨ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់អាស៊ាន-ចិន ស្តីពីការបង្កើតនូវបណ្តាញសម្រាប់ កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ ក្នុងចំណោមសាកលវិទ្យាល័យដែលធ្វើការបណ្តុះបណ្តាលវិស្វកម្ម និងបច្ចេកវិទ្យា។

ជាមួយនឹងការផ្តួចផ្តើមនិងគាំទ្ររួមគ្នាដោយ E9 មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) និងមជ្ឈមណ្ឌលរចនាសម្ពន្ធរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងការអភិវឌ្ឍ (SEAMEO RIHED) បណ្តាញអាស៊ាន-ចិនសម្រាប់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិស្វកម្ម (អក្សរកាត់ថា ACNET-EngTech) ត្រូវបានបង្កើតឡើង ដោយមានសាកលវិទ្យាល័យជាសមាជិកចំនួន ១៩ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងស្រាវជ្រាវជំនាញវិស្វកម្ម និងបច្ចេកវិទ្យា។

ចាប់ពីពេលបង្កើតបណ្តាញ ACNET-EngTech នេះឡើង មានការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំចំនួន៤លើករួចមកហើយ នៅតាមសាកលវិទ្យាល័យជាសមាជិកនេះជាលើកទី៥ ដែលទទួលរៀបចំធ្វើដោយសាកលវិទ្យាល័យស្វាយរៀង ដោយមានការសហការពីសាកលវិទ្យាល័យមានជ័យ និងវិទ្យាស្ថានអាស៊ីកម្ពុជា៕