អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីបារាំងអនុវត្តគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (SDGERA)


នៅរសៀលថ្ងៃទី១១ ខែធ្នូ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងស្ដីពីគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (Système d’aide à laDécision pour la Gestion des Eaux de la Région d’Angkor) ហៅកាត់ថា SDGERA។

SDGERA មានគោលបំណងចំបងក្នុងការធ្វើសុវុឌ្ឍិកម្មការគ្រប់គ្រងប្រព័ន្ធលំហូរទឹកក្នុងផ្ទៃអាងរងទឹកភ្លៀង តំបន់សៀមរាប ដើម្បីកាត់បន្ថយទឹកជំនន់ក្នុងរដូវវស្សាមិនឱ្យលិចលង់ភូមិដ្ឋាន និងប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ម៉្យាងវិញទៀត SDGERA ក៏មានបំណងធ្វើការគ្រប់គ្រងធនធានទឹក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ជាពិសេសនៅរដូវប្រាំងដល់ផ្នែកពាក់ព័ន្ធទាំងអស់ជូនកសិករ ក្រុងសៀមរាប និងការអភិរក្សប្រាង្គប្រាសាទ។ លើសពីនេះទៀត គម្រោងនឹងឈានដល់ការគ្រប់គ្រងបរិស្ថាន និងសុខុមាលភាពសាធារណៈ ដូចជាការគ្រប់គ្រងទឹកស្អាត ទឹកកខ្វក់ ថាមពល សំរាម និងកសិកម្មដោយចីរភាព សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងតំបន់ពាក់ព័ន្ធ។ ជារួម គម្រោងនេះមានគោលដៅបំពាក់ឧបករណ៍បិទបើកដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរដោយចីរភាព។

សូមរំលឹកថា ជំហានទី១នៃគម្រោងនេះធ្វើឡើងកាលពីដើមខែធ្នូ ឆ្នាំ២០១៣ សម្រាប់រយៈពេល៥ឆ្នាំ គឺឆ្នាំ២០១៤-២០១៨ ដោយផ្តោតអំពីគម្រោងសុវុឌ្ឍិកម្មនៃការសម្អាត និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ៕