ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ ចុះសិក្សាគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះសិក្សាគម្រោងសាងសង់ផ្លូវអមសងខាងរថភ្លើង ចាប់ពីស្ថានីយ៍រថភ្លើងដើមទី ក្នុងសង្កាត់ស្រះចក ទៅដល់រ៉ារថភ្លើងសំរោង ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការធ្វើផ្លូវនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នឹងស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបអាចដំណើរការបាន។

ឯកឧត្តមបន្តថា បញ្ហាចម្បងក្នុងការធ្វើផ្លូវ គឺផលប៉ះពាល់ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងដោះស្រាយ ដោយសារលោកបានរៀបចំអស់ហើយ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងដែរថា ឥឡូវនេះក្រុមការងារក្រសួងសាធារណការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញមកពិនិត្យ និងសិក្សាថា តើមានលទ្ធភាពធ្វើផ្លូវនេះដែរឬទេ។

ឯកឧត្តមបន្តថា បច្ចុប្បន្នផ្លូវសហព័ន្ធរុស្ស៉ី មានការកកស្ទះយ៉ាងខ្លាំង ហេតុនេះបើមានផ្លូវអមសងខាងរថភ្លើង ហើយតភ្ជាប់រហូតដល់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ប្រយោជន៍នេះ នឹងបានទៅលើប្រជាពលរដ្ឋធំធេងណាស់។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងបន្ថែមទៀតថា ការចុះសិក្សានេះ ក្រោយមានការឯកភាពលើបច្ចេកទេស ទើបលោកអភិបាលរាជធានីភ្នំពេញ ធ្វើការស្រង់ស្ថិតិពីផលប៉ះពាល់របស់ពលរដ្ឋ ហើយនឹងមានផែនការថា ត្រូវយកអ្នករងផលប៉ះពាល់ទៅណា។

ទោះបីជាយ៉ាងណា ទាំងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឃួង ស្រេង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ រយៈពេលនៃការសាងសង់ និងចំនួនថវិកាសាងសង់នោះទេ ដោយលោកអះអាងថា គ្រាន់តែជាដំណាក់កាលសិក្សាគម្រោងដំបូងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងសិក្សាពិសេសមួយ ដើម្បីកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ដើម្បីកាត់បន្ថយការកកស្ទះនេះ ផ្លូវមួយចំនួននឹងត្រូវដាក់ឱ្យធ្វើដំណើរឯកទិស ខណៈផ្លូវខ្លះទៀតហាមមិនឲ្យរថយន្តចត និងផ្លូវខ្លះទៀតប្រើសម្រាប់តែរថយន្តក្រុងប៉ុណ្ណោះ។

ក្រៅពីនោះ ក៏នឹងសិក្សាបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕