កង្វល់របស់ពលរដ្ឋនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ត្រូវបានលើកយកមកក្នុងវេទិកាសាធារណៈ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា


(ស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្នុងឃុំស្វាយយា បានចូលរួមក្នុងវេទិកាសាធារណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តប្រាសាទ ភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋលើកជាកង្វល់ក៏ដូចជា ការសំណូមពរនានា នៅមូលដ្ឋានឱ្យក្រុមការងារជួយដោះស្រាយទាន់ពេលវេលា។

វេទិកាសាធារណៈនេះ បានធ្វើឡើង នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំស្វាយយា និងសមាជិកក្រុមប្រឹក្សាឃុំស្វាយយា មេភូមិទាំង១៥ភូមិ លោកនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយយា ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន១៥០នាក់។

នៅឱកាសនោះដែរ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនមានដូចជា៖
* ការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់ចូលក្នុងភូមិ
* បញ្ហាទំនាស់ដីធ្លា ក្នុងភូមិក្ដីស្លា
* បញ្ហាអគារខូចខាត នៅសាលាបឋមសិក្សាកៀនតាស៊ីវ
* បញ្ហាផ្លូវចូលភូមិពិបាក ក្នុងការធ្វើដំណើរ ក្នុងភូមិក្បាលដំរី
* បញ្ហាស្ដារប្រឡាយចាស់ឡើងវិញ ដើម្បីមានទឹកធ្វើស្រែប្រាំង
* សំណូមពរដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះវាស់វែងដីធ្លី និងកំណត់ចំណីផ្លូវ ឱ្យប្រជាជនងាយស្រួលប្រើប្រាស់ដី។

ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងថា ក្នុងវេទិកាសាធារណៈនេះ បានទទួលនូវបញ្ហាប្រឈមក៏ដូចជា សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង នឹងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។

ហើយឪពុក ម្ដាយ ដែរមានកូនទៅរៀន សូមអោយប្រុងប្រយ័ត្នកូនចៅករណីលង់ទឹក និងណែនាំកូនចៅចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តមបានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងកុំរំលោភយកដីចំណីថ្នល់ ដើម្បីងាយស្រួលទៅក្រោយ ដើម្បីការពង្រីកផ្លូវ អាជ្ញាធរត្រូវផ្សព្វផ្សាយពីគោលនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ប្រាក់ឧបត្ថម្ភ ចំពោះស្រ្តីមានផ្ទៃពោះ ដែលមានបណ្ណក្រីក្រ៕