អភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែម នៅតាមសាលា ដើម្បីសុខុមាលភាពទីក្រុង


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការកាត់បន្ថយ ការទទួលទានភេសជ្ជៈផ្អែម នៅតាមសាលារៀន ដើម្បីសុខុមាលភាពទីក្រុង ធានាឲ្យមានអាយុជីវិតយូរអង្វែង។

ការប្រកាសផែនការថ្មីនេះ ជាផ្អែកមួយនៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង ដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញ នៃទីក្រុងចំនួន៧០ ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីក ឬជំងឺទឹកនោមផ្អែម) និងរបួស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ។

ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង កំពុងពង្រីកខ្លួនពី៥៤ ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋ ប្រមាណច្រើនជាង៣០០លាននាក់ រស់នៅជុំវិញពិភពលោក។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងសុខភាពសាធារណៈ ទាមទារនូវសកម្មភាពមុតមំា ដោយលោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ជាមួយភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងបន្ទាប់ពីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការទទួល ទានភេសជ្ជៈផ្អែមនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩។

ឯកឧត្តមបញ្ជាក់ថា «យើងមានមោទនភាព ក្នុងការចូលរួមជាផ្នែកមួយរបស់ក្រុមលេចធ្លោ នៃទីក្រុងកំពុងធ្វើការធានាឲ្យមានអាយុជីវិតយូរអង្វែង និងពេលលេញជូនប្រជាពលរដ្ឋ។ តាមរយៈភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងការខិតខំរបស់យើង នៅក្នុងវិស័យនេះមានផលវិជ្ជមានដ៏អស្ចារ្យ។ យើងកំពុងអនុវត្តផែនការពិភពលោក ដើម្បីសុខុមាលភាពទីក្រុងដ៏មានប្រសិទ្ធិភាព»

Dr. Kelly Henning ដែលជាអ្នកដឹកនាំកម្មវិធីសុខភាពសាធារណៈនៅ Bloomberg Philanthropies បានអបអរសាទររដ្ឋបាលរាជធានីភ្នំពេញ។ លោកថា «មាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយ មានសុខុមាលភាពរត់តាមរយៈទីក្រុង។ បច្ចុប្បន្នមនុស្សភាគច្រើន នៅក្នុងពិភពលោករស់នៅតាមទីប្រជុំជន និងទីក្រុងអាចអនុវត្តយ៉ាងឆាប់រហ័ស នូវគោលនយោបាយប្រកបដោយអត្ថន័យ» ភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង បង្រួបបង្រួមអភិបាលក្រុង ដែលបានប្តេជ្ញាចិត្តធ្វើសកម្មភាព។ ជាមួយនិងការពង្រីកខ្លួនរបស់ភាពជាដៃគូ រហូតដល់៧០ទីក្រុង យើងកំពុងបង្ការអ្នកស្លាប់ ដែលមិនត្រូវស្លាប់ដោយជំងឺមិនឆ្លង និងរបួសចំនួនរាប់លាននាក់ និងកំពុងគាំពារសុខភាពមនុស្សជំនាន់ក្រោយ។

នៅរាជធានីភ្នំពេញ ការទទួលទានភេសជ្ជៈផ្អែម កំពុងចោទជាបញ្ហា។ នៅឆ្នាំ២០១៣ ការអង្កេតតាមសាលារៀន របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា៥២% នៃយុវសិស្សរស់នៅទីក្រុងញាំភេសជ្ជៈផ្អែម យ៉ាងតិច១កំប៉ុងក្នុង១ថ្ងៃ និងលើសពី៦០% បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈផ្អែម ឬអាហារឆ្អិនស្រាប់នៅពេលមើលទូរទស្សន៍ ឬលេងវីដេអូហ្គេម។

ឯកឧត្តម ឃួង ស្រេង បានប្តេជ្ញាបន្តបញ្រ្ជាបការយល់ដឹង អំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែមច្រើនលើសកម្រិត និងកាត់បន្ថយការទទួលទាន ភេសជ្ជៈផ្អែមនៅតាមសាលារៀន ដោយពង្រឹងការអនុវត្តសេចក្តីណែនាំលេខ១៨អយក.សណន ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំយុវជន និងកីឡា។

នៅលើពិភពលោក ក្នុងចំណោមអ្នកស្លាប់ចំនួន១០នាក់ គឺមាន៨នាក់ស្លាប់ដោយសារជំងឺមិនឆ្លង និងរបួស។ នៅទីក្រុងមានចំណូលទាប និងចំណូលមធ្យមតម្លៃបន្ថែម ក្នុងប្រជាពលរដ្ឋម្នាក់ ដើម្បីអនុវត្តគោលនយោបាយគន្លឹះ ក្នុងការបង្ការជំងឺមិនឆ្លងចន្លោះពេលពីបច្ចុប្បន្នទៅឆ្នាំ២០៣០ មានត្រឹមតែ១ដុល្លារ និង២៧សេន នៅពេលដែលចំណាយលើរបួស ដោយសារគ្រោះថ្នាក់ចរាចរស្មើនឹង៣%នៃផលិតផលក្នុងស្រុកនៅតាម បណ្តាប្រទេសជាច្រើន។

តាមរយៈភាពជាដៃគូនេះ ទីក្រុងជាច្រើនប្តេជ្ញាអនុវត្តអន្តរាគមន៍មួយ ក្នុងចំណោម១៤អន្តរាគមន៍ ដែលដោះស្រាយនូវកត្តាហានិភ័យបង្កជំងឺមិនឆ្លង និងរបួសដូចជាអនុវត្តច្បាប់គ្មានផ្សែងបារី ដែលការពារប្រជាពលរដ្ឋពីការស្រូបផ្សែងបារី រិតត្បិតការផ្សាយពាណិជ្ជកម្មភេសជ្ជៈផ្អែម និងអាហារមិនសូវមានសារជាតិចិញ្ចឹម (Junk Food) ឬបង្កើតវិថីដែលមានគន្លងសម្រាប់អ្នកជិះកង់។

អង្គការភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការVital Strategies។ ទីក្រុងភាពជាដៃគូបាន និងកំពុងបោះជំហានមួយយ៉ាងធំក្នុងការបង្កើតបរិស្ថានសុខុមាលភាព និងសុវត្ថិភាព។ ឧទាហរណ៍ ទីក្រុងគីតូ (Quito) នៃប្រទេសអេក្វាឌឺរ(Ecuador)បានជ្រើសរើសយកអាហារសុខុមាលភាពជំនួស ឲ្យអាហារមិនសូវមានសារជាតិចិញ្ចឹមនៅក្នុង៥០% នៃសិស្សរៀននៅសាលារដ្ឋ ការពង្រីកនឹងឈានទៅ១០០%នៅឆ្នាំក្រោយ។ ក្នុងទីក្រុងអាក់ក្រា (Accra) នៃប្រទេសហ្គាណា (Ghana) ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ នៅត្រង់ចំណុចប្រសព្វនៃផ្លូវល្បឿនលឿន ដែលមានអត្រាគ្រោះថ្នាក់ចរាចរ និងស្លាប់ខ្ពស់បំផុតនៅក្នុងទីក្រុងនេះ បានកាត់បន្ថយរបួសធ្ងន់ធ្ងរបាន ៣៥%។

«ចំនួនទីក្រុងបានកើនឡើង យ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលនេះបង្ហាញអំពីកាលានុវត្តភាពថ្មី ចាំបាច់ក្នុងការធ្វើអន្តាគមន៍» នេះតាមប្រសាសន៍របស់លោកបណ្ឌិត Naoko Yamamoto ជំនួយការអគ្គនាយកកម្មវិធីការគ្របដណ្តប់សុខភាព ជាសកលរបស់អង្គការសុខភាពពិភពលោក។

លោក José Luis Castro នាយកប្រតិបត្តិនៃអង្គការ Vital Strategiesបានថ្លៃងថា «យើងមានកិត្តិយស ក្នុងការអនុវត្តការផ្តួចផ្តើមអន្តរាគមន៍ សុខភាពសាធារណៈមានសារៈសំខាន់នេះ ជាមួយអង្គការ Bloomberg Philanthropies និងអង្គការសុខភាពពិភពលោក។ ក្រុមរបស់យើងកំពុងសហការយ៉ាងសកម្មជាមួយទីក្រុង ដៃគូនិងកំពុងផ្តល់ជំនួយចាំបាច់ ក្នុងការទ្រទ្រង់វឌ្ឍនភាពក្នុងការបង្កើតគោលនយោបាយ ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងរបួស»