ភ្នំពេញៈការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Express way) នឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា។នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃទី១២ខែធ្នូនេះ។
នៅក្នុងផេកផ្លូវការរបស់សម្តេចតេជោបានសរសេរថា ការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧ភាគរយហើយ ដែលគ្រោងសាងសង់ឲ្យរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ធបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្ត្រនៅកម្ពុជាក្នុងឆ្នាំ ២០២៣។
សម្តេចតេជោបន្តថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Express way)នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អ លឿន រហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធុនធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។
ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្មក្នុងតំបន់ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គនិងពិភពលោកទាំងមូលដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀតនិងជាការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ព្រមទាំងជួយបង្កើននូវតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងកាន់តែរីកចម្រើនលឿនទៅមុខដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនឡើងដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕