ជនជាតិដើមភាគតិច គ្រឹង នៃឃុំតាឡាត ស្រុកសេសាន ទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធសមូហភាពសហគមន៍ចំនួន២៦វិញ្ញាបនបត្រ និងផ្ទាំង សូឡា ចំនួន១៥០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងស្ទឹងត្រែង បានអញ្ជើញចុះជួបសំណាលសំណាល ជាមួយប្រជាពលរដ្ឋជាជនជាតិដើមភាគតិច គ្រឹង រស់នៅតំបន់ដាច់ស្រយាល និងបានផ្តល់វិញ្ញាបនបត្រសំគាល់ សិទ្ធសមូហភាពសហគមន៍ ក្នុងភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ចំនួន៧២គ្រួសារ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក អង្គការដៃគូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គូសបញ្ជាក់ថា៖ សហគមន៍ចំនួន១ ដែលនឹងត្រូវទទួលបានវិញ្ញាបនបត្រសំគាល់កម្មសិទ្ធ គឺសហគមន៍ជនជាតិដើមភាគតិចគ្រឹង ស្ថិតនៅក្នុងភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ចំនួន២៦វិញ្ញាបនបត្រ ជូនប្រជាសហគមន៍ចំនួន៧២គ្រួសារ ក្នុងនោះមានដីលំនៅឋានមានចំនួន០៥វិញ្ញាបត្រ ដីចំការបច្ចុប្បន្នចំនួន១០វិញ្ញាបនបត្រ ដីចំការបម្រុងវិលជុំចំនួន០៩ វិញ្ញាបនបត្រ ដីព្រៃអារក្សចំនួន១វិញ្ញាបនបត្រ ដីកប់ខ្មោចចំនួន១វិញ្ញាបនបត្រ។

ដោយឡែកផ្ទាំង សូឡា ចំនួន១៥០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ មកពីភូមិរំពាត់ ភូមិស្វាយរៀង ភូមិខ្សាច់ថ្មី និងភូមិតាឡាត។

ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍លើកឡើងថា៖ សិទ្ធិដីសមូហភាព មានច្រើនទម្រង់ ហើយប្រភេទដែលគេស្គាល់ច្បាស់គឺជាសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច អត្តសញ្ញាណជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា ពិតជាមានចំណងរឹងមុំា ទាំងខាងវប្បធម៌ សាសនា និងសេដ្ឋកិច្ច ផ្សា ភ្ជាប់ដីធ្លី ក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ពុក ម៉ែ បង ប្អូន នៅភូមិរំពាត់នេះ ជាភូមិមួយដាច់ស្រយ៉ាល តែមានដីអំណោយផល លើផ្នែកកសិកម្ម ហើយទទួលបាននូវ សិទ្ធិកាន់កាប់ដីជាសមូហភាព ក្នុងសហគមន៍ស្របច្បាប់ ដូចនេះត្រូវប្រើប្រាស់ដីនេះជាកម្មសិទ្ធឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត ឯកឧត្តម អភិបាលខេត្ត ជម្រុញឱ្យប្រកបរបរកសិកម្ម កើនឡើងទ្វេដង ដើម្បីឱ្យសហគមន៍ជនជាតិដើមភាគតិច មានជីវភាពកាន់តែធូរធារទ្វេដងដែរ។

ដោយមើលឃើញពីការលំបាក់ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅភូមិរំពាត់ នេះ ឯកឧត្តម អភិបាលខេត្ត បានអោយអាជ្ញាធរស្រុក សហការណ៍ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធចុះសិក្សាផ្លូវក្រាលគ្រួសក្រហម១ខ្សែ ពីភូមិរំពាត់ ទៅ កាន់ភូមិស្វាយរៀង ដែលមានប្រវែង១០គីឡូម៉ែត្រ ហើយឱ្យធ្វើការស្ថាបនា នៅឆ្នាំ២០២០ ជាជំហ៊ានៗ ដើម្បីសម្រួលក្នុងការធ្វើដំណើរ៕